អភិបាលខេត្តពោធិ៍សាត់ ចែកស្រូវពូជ OM 5451 ជូនកសិកររងផលប៉ះពាល់ ដោយទឹកជំនន់ទឹកភ្លៀង នៅឃុំអូរតាប៉ោង និងឃុំស្វាយដូនកែវ ស្រុកបាកាន ចំនួន៥៤គ្រួសារ
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ បាននាំស្រូវពូជOM 5451 ជាអំណោយរបស់គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចែកជូនប្រជាកសិករដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង នៅឃុំអូរតាប៉ោង និងឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ចំនួន៥៤គ្រួសារ ដើម្បីដាំស្តារឡើងវិញ ឱ្យបានទាន់ពេលវេលា ដោយក្នុងមួយគ្រួសារៗ ទទួលបានចំនួន១០០គីឡូក្រាម។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបញ្ជាក់ថា នេះជាការឆ្លើយតបទៅនឹងសំណូមពរ របស់បងប្អូនប្រជាកសិករ ខណៈពេលដែលលោករួមជាមួយក្រុមការងារ បានចុះពិនិត្យស្ថានភាពជាក់ស្តែង នៃទំហំផលប៉ះពាល់ខូចខាតកាល ពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។
ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានចែកជូនស្រូវពូជOM 5451 ជូនបងប្អូនប្រជាកសិករនាពេលនេះ គឺបន្ទាប់ពីរកឃើញ ពីប៉ះពាល់ដោយសារជំនន់ទឺកភ្លៀង នាសប្តាហ៍ទី៣ នៃខែតុលា ឆ្នាំ២០២៤ បណ្តាលឱ្យជន់លិច៥ភូមិ ក្នុងឃុំអូរតាប៉ោងចំនួន៤៧គ្រួសារ ខូចខាតស្រូវ៧៧ហិកតា និង១ភូមិ នៃឃុំស្វាយដូនកែវ ចំនួន៧គ្រួសារ ខូចខាតស្រូវ២៩ហិកតា។
ឯកឧត្តមបានផ្តាំផ្ញើថា ក្រោយពីទឹកស្រកទៅវិញនោះ សូមឱ្យប្រជាកសិករយើងធ្វើស្រែបន្ត ក្នុងគោលបំណងស្តារឡើងវិញ បើជួបកង្វះខាតពូជ សូមទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមការងារ ដើម្បីដោះស្រាយជូន។ ឯកឧត្តមសូមឱ្យអាជ្ញាធរមូលដ្ឋានត្រូវមានការទំនាក់ទំនង ផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ ត្រូវស្គាល់អំពីសុខទុក្ខជាប់ជានិច្ច ព្រោះថាបងប្អូនប្រជាពលរដ្ឋយើងនេះហើយ ជាអ្នកកំណត់បាននូវជោគវាសនាប្រទេសជាតិ ក៏ដូចជាអ្នកជម្រុញចលករ កម្លាំងសេដ្ឋកិច្ចឱ្យដើរទៅមុខ។ ដូចគ្នានោះដែរ កិច្ចការបន្ទាប់ប្រសិនបើបងប្អូនមានបញ្ហាទាក់ទងទៅនឹងការងារបង្កបង្កើនផល សូមទំនាក់ទំនងទៅអាជ្ញាឃុំ ដើម្បីជំនាញកសិកម្មយើង បានចុះជួយអន្តរាគមន៍ទាន់ពេលវេលា។
ឯកឧត្តមបានថ្លែងជម្រាបជូនទៀតថា ការអនុវត្តប្រព័ន្ធស្បៀងបម្រុងនេះ គឺជាទស្សនៈវិស័យដ៏វែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ការលើកទឹកចិត្ត និងជម្រុញចលនាបង្កបង្កើនផល ជាពិសេសគឺផ្តោតទៅលើប្រជាពលរដ្ឋគោលដៅអាទិភាពដែលកំពុងជួបបញ្ហាប្រឈមជីវភាព បណ្តាលមកពីគ្រោះធម្មជាតិ។
ឯកឧត្តមបានថ្លែងបញ្ជាក់ថា វិស័យស្រូវអង្ករនេះ ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងបានផ្តល់ការលើកទឹកចិត្តគ្រប់ប្រភេទ ផ្នែកពន្ធដារ ដល់សហគមន៍កសិកម្ម រោងម៉ាស៊ីនកិនស្រូវ និងការនាំចេញអង្ករ ព្រមទាំងនាំចូលបរិក្ខារកសិកម្ម និងគ្រឿងចក្រ។ មិនតែប៉ុណ្ណោះរដ្ឋាភិបាល បាននឹងកំពុងពង្រីកវិសាលភាព និងធ្វើពាណិជ្ជកម្មទីផ្សារស្រូវអង្កររបស់កម្ពុជា ដោយបានបន្តចែកចាយ និងនាំចេញទៅកាន់ទីផ្សារពិភពលោក ដូច្នេះសូមប្រជាកសិករទាំងអស់ ឱ្យនាំគ្នាងាកមកដាំដុះស្រូវពូជOM5451ឡើងវិញ ពីព្រោះពូជស្រូវនេះមានទីផ្សារ និងមានតម្លៃខ្ពស់៕
0 Comments:
Post a Comment