ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោក Yoon Suk Yeol ប្រឈមមុខទៅនឹងការបោះឆ្នោតដាក់ការចោទប្រកាន់ជុំទីពីរនៅថ្ងៃសៅរ៍នេះ ជុំវិញការប៉ុនប៉ងរយៈពេលខ្លីរបស់លោកក្នុងការដាក់ច្បាប់អាជ្ញាសឹក ជាចំណាត់ការមួយដែលធ្វើឱ្យប្រទេសនេះភ្ញាក់ផ្អើល ធ្វើឲ្យបែកបាក់ក្នុងចំណោមគណបក្សរបស់លោក និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់តំណែងប្រធានាធិបតីនៅពាក់កណ្តាលអាណត្តិរបស់លោក។
ចំណាត់ការរបស់លោក ក្នុងការដាក់ការគ្រប់គ្រងដោយយោធាកាលថ្ងៃទី៣ ខែធ្នូ ដែលត្រូវបានដកចេញវិញត្រឹមតែ៦ម៉ោងក្រោយមក បន្ទាប់ពីសភាបានជំទាស់ទៅនឹងកងទ័ពនិងនគរបាល ដើម្បីបោះឆ្នោតប្រឆាំងក្រឹត្យនេះ ប៉ុន្តែវាបានធ្វើឱ្យប្រទេស ធ្លាក់ចូលទៅក្នុងវិបត្តិរដ្ឋធម្មនុញ្ញ និងបានបង្កឱ្យមានការអំពាវនាវយ៉ាងទូលំទូលាយឱ្យលោកលាចេញពីតំណែងពីបទបំពានច្បាប់។ គណបក្សប្រឆាំងគ្រោងនឹងធ្វើការបោះឆ្នោតដាក់ការចោទប្រកាន់នៅម៉ោង៤ រសៀលថ្ងៃសៅរ៍នេះ ម៉ោងក្នុងស្រុក ខណៈមានបាតុកម្មទ្រង់ទ្រាយធំ ដែលបានគ្រោងទុកមុនការបោះឆ្នោត។
គណបក្សអំណាចប្រជាជនអភិរក្សនិយម(PPP)របស់លោក Yoon បានធ្វើពហិការ មិនចូលរួមក្នុងការបោះឆ្នោតដាក់ការចោទប្រកាន់កាលពីលើកដំបូងមួយសប្តាហ៍មុននេះ ដោយបានរារាំងដល់អង្គប្រជុំ។ ចាប់តាំងពីពេលនោះមក មេដឹកនាំគណបក្ស PPP លោក Han Dong-hoon បានជំរុញសមាជិកបក្សឱ្យបោះឆ្នោតសម្រាប់ការចោទប្រកាន់នៅថ្ងៃសៅរ៍នេះ ហើយយ៉ាងហោចណាស់សមាជិកគណបក្ស PPP ចំនួន៧រូប បាននិយាយថាពួកគេនឹងបោះឆ្នោតដើម្បីដាក់ការចោទប្រកាន់។
គណបក្សប្រឆាំងគ្រប់គ្រងអាសនៈចំនួន១៩២ ក្នុងចំណោម៣០០អសនៈ នៅក្នុងសភាតែមួយ ដូច្នេះពួកគេត្រូវការសំឡេងយ៉ាងតិច៨ របស់គណបក្ស PPP ដើម្បីឲ្យគ្រប់ចំនួនពីរភាគបីសម្រាប់ដាក់ការចោទប្រកាន់។
ប្រសិនបើតុលាការដកលោក Yoon ឬលោកលាលែងពីតំណែង ការបោះឆ្នោតប្រធានាធិបតី ត្រូវតែធ្វើឡើងក្នុងរយៈពេល៦០ថ្ងៃ។ លោក Yoon ស្ថិតក្រោមការស៊ើបអង្កេតផ្នែកព្រហ្មទណ្ឌដាច់ដោយឡែក សម្រាប់ការបះបោរ តាមដែលបានចោទចោទប្រកាន់លើការប្រកាសច្បាប់អាជ្ញាសឹក ហើយអាជ្ញាធរ បានហាមឃាត់លោក មិនឱ្យធ្វើដំណើរទៅក្រៅប្រទេស។
0 Comments:
Post a Comment