(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសហស្ថាបនិកនៃគម្រោងស្អាត បានអំពាវនាវឱ្យយុវជនបង្កើនការស្រលាញ់ ការជឿជាក់ទៅកាន់សង្គមជាតិ តាមរយៈការចូលរួមគ្រប់សកម្មភាពសង្គម។
ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានធ្វើ
ឡើងក្នុងពិធីបិទយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៤ នៅមជ្ឃមណ្ឌលមានី(KAMPUS) នៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ដែលកម្មវិធីនេះ មានការចូលរួមពីតំណាងក្រសួងស្ថាប័នមួយចំនួន ក្រុមហ៊ុនឯកជន សមាគមអង្គការសង្គមស៊ីវិល យុវជនសុច្ឆន្ទៈស្អាតជាច្រើនរូបផងដែរ។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍យ៉ាងដូច្នេះថា «សូមបង្កើនការស្រលាញ់ ការជឿជាក់ទៅកាន់សង្គមជាតិរបស់យើង»។
លោកបន្តថា ទន្ទឹមនេះ គ្រប់កម្មវិធីទាំងអស់ គឺជាការជួបជុំ និងបណ្ដុះការចូលរួមសហការគ្នា និងនាំមកនូវការទុកចិត្តការរៀនសូត្រ ការអនុវត្តការធ្វើការររួម ឈានទៅកាន់ចំណងមិត្តភាពដ៏រឹងមាំមួយ និងមានការរីកលូតលាស់តទៅមុខ។
ក្នុងឆ្នាំ២០២៤នេះ យុទ្ធនាការភ្នំពេញស្អាតបានសម្រេចនូវផែនការសកម្មភាពមួយចំនួនគួរជាទីមោទនៈក្រោមទិសស្លោក «ខ្មែរស្អាត» រួមមាន «ក្លិបយុវជន
ស្អាត» ជាការចូលរួមបង្កើតធនធានមនុស្សសម្រាប់កម្ពុជា ដោយបានរៀបចំជាកន្លែង ឬក្រុមមួយសម្រាប់យុវជនស្អាតទាំងឆ្នាំចាស់ និងឆ្នាំថ្មីអាចបន្តទំនាក់ទំនងចូលរួមផ្លាស់ប្តូរគំនិតយោបល់សម្រាប់បន្តអភិវឌ្ឍខ្លួន និងសង្គម។
ជាមួយគ្នានេះ «ចិត្តខ្ញុំស្អាត ខ្មែរស្អាត» ត្រូវបានរៀបចំឡើងដោយមានការ
សម្តែងធម៌ទេសនាពី ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព រួមទាំងបទបង្ហាញពីលោក នឹម ឈុន្នី និង លោក ហេង សុខវិសាល ជូនដល់យុវជនសិស្សនិស្សិតមកពីបណ្តាវិទ្យាល័យ សាកលវិទ្យាល័យ ក្នុងគោលបំណងបណ្តុះចិត្តគំនិត និងអាកប្បកិរិយា ដើម្បីទទួលបាននូវការគិតស្អាតមានចិត្តគំនិតស្អាតនាំឲ្យមាន
អាកប្បកិរិយាក្នុងការរស់នៅក៏ស្អាតដូចគ្នា។
សូមជម្រាបថា ក្នុងឆ្នាំ២០២៤នេះ «យុទ្ធនាការភ្នំពេញស្អាត» បានផ្លាស់ប្តូរទិសដៅពីការបញ្ជ្រាបសារអប់រំផ្នែកបរិស្ថានលើឥរិយាបថក្នុងការគ្រប់គ្រងសំរាម និងការកែច្នៃទៅជាការលើកកម្ពស់គំនិតថ្មីៗដោយផ្តោតលើគោលគំនិតសំខាន់ៗចំនួនបីគឺ៖ ចិត្ត
គំនិតស្អាត អាកប្បកិរិយាស្អាត និងប្រតិបត្តិស្អាតដែលស្របទៅនឹងយន្តការរបស់រាជរដ្ឋាភិបាលកំពុងអនុវត្តក្នុងការបញ្ជ្រាបសារអប់រំដើម្បីលើកតម្កើន វប្បធម៌ និងសីលធម៌សង្គម។
បន្ថែមពីនេះ «ធុរកិច្ចយើងស្អាត ខ្មែរស្អាត» ជាកម្មវិធីបញ្រ្ជាបសារក្រោមព្រឹត្តិការណ៍ចំនួនពីររួមមាន ១.ព្រឹត្តិការណ៍ «ព័រណ៌ស្អាត» ជាការបង្ហាញផលិតផល និងសេវាកម្មក្នុងស្រុកជាច្រើនសមស្របសម្រាប់គ្រួសារ ក៏ដូចជាផ្តោតលើការចងរួមសិល្បៈ ដើម្បីគាំទ្រផលិតផលក្នុងស្រុក និងជម្រុញការច្នៃប្រឌិតដែលជារបស់ខ្មែរ
២. ព្រឹត្តិការណ៍ «វេទិកាធុរកិច្ចស្អាត និងយុវជនស្អាត» ជាវេទិកាពិភាក្សា របស់ធុរកិច្ចជនទៅលើការប្រតិបត្តិការងារល្អ ការប្រកបការងារ ដោយមានក្រមសីលធម៌ វិជ្ជាជីវៈ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីយុវជនទទួលយកចំណេះដឹងថ្មីៗ និងស្វែងយល់អំពីដំណោះស្រាយបៃតងដោយភាពច្នៃប្រឌិត។
«យុទ្ធនាការភ្នំពេញស្អាត» បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីគ្រប់មជ្ឈដ្ឋានជារៀងរាល់ឆ្នាំក៏ព្រោះតែសក្ដានុពលនៃការចូលរួមសកម្មភាពស្អាត ការថែរក្សាបរិស្ថាន និងការលើកស្ទួយសោភ័ណ
ភាពទីក្រុង។ ការគាំទ្រដ៏ខ្លាំងក្លានេះជាសញ្ញាសម្គាល់ពីស្មារតីនៃការទទួលខុសត្រូវ សេចក្ដីស្រឡាញ់ និងការចូលរួមសម្អាត ថែរក្សា បរិស្ថាន ដែលបានបង្កើតក្តីសង្ឃឹមយ៉ាងមោះមុតក្នុងការឈានទៅរក «កម្ពុជាគ្មានសំរាមរាយប៉ាយ»។
ឆ្លៀតក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណទៅកាន់
ភាគីពាក់ព័ន្ធ យុវជនសុច្ឆន្ទៈស្អាត និងសង្ឃឹមយ៉ាងមុតមាំថា យុវជននៅតែបន្តចូលរួមបន្ថែមលើគ្រប់សកម្មភាព ជាពិសេសកម្មវិធីសាទរកម្ពុជាផងដែរ។ លោកបន្ថែមថា៖ បើគ្មានភាគីពាក់ព័ន្ធចូលរួមតាមរយៈ ស្មារតី និងសម្ភារៈទេ ប្រហែលជាគ្មានភាពជោគជ័យមកដល់ពេលនេះនោះទេ៕
0 Comments:
Post a Comment