May 2024 ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

បណ្ឌិត អ៊ាង សុផល្លែត៖ គ្មានមន្រ្តីក្រសួងបរិស្ថានណាម្នាក់គេងលក់ស្រួលឡើយ បើពលរដ្ឋក្រីក្រ ពិសេសស្រ្តីមេម៉ាយជាជនងាយរងគ្រោះ នៅតាមតំបន់ការពារធម្មជាតិ ទទួលរងហានិភ័យបណ្តាលមកពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា គ្មានមន្រ្តីក្រសួងបរិស្ថានណាម្នាក់គេងលក់ស្រួលឡើយ ខណៈដែលប្រជាពលរដ្ឋក្រីក្រ ជាពិសេសស្រ្តីមេម៉ាយ ដែលជាជនងាយរងគ្រោះនៅតាមតំបន់ការពារធម្មជាតិទទួលរងហានិភ័យបណ្តាលមកពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើផលដំណាំរបស់ពួកគេ។

ការថ្លែងបែបនេះរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញជាអធិបតីភាព បើកវេទិកាថ្នាក់ជាតិស្តីពី «កាេធានាសុវត្ថិភាព និងសុខភាពការងារក្នុងបរិបទការប្រែប្រួលអាកាសធាតុ សម្រាប់កម្មករ-កសិករជាស្ត្រី ក្នុងវិស័យកសិ-ស្បៀងអាហារ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ។

ជាមួយគ្នានេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត យល់ច្បាស់អំពីបញ្ហានេះ ក៏ព្រោះថា លោកធ្លាប់ឆ្លងកាត់ជិវិតជាកូនកំព្រាឪពុក ក្រីក្រ និងមានម្តាយជាស្រ្តីមេម៉ាយជាអ្នករកចំណូលទ្រទ្រង់ជីវភាព ហើយត្រូវបានចោរលួចប្រាក់អស់ទៀត។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទូច និងស្នើឱ្យមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ ដែលមានទាំងស្ថាប័នរដ្ឋ និងអង្គការដៃគូអន្តរជាតិ រួមទាំងវិស័យឯកជនទាំងអស់ ដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងការទ្រទ្រង់ជីវភាព ហើយចាំបាច់ត្រូវតែធ្វើឱ្យប្រជាសហគមន៍ កសិករក្រីក្រមានភាពឯករាជ្យ និងម្ចាស់ការ។

ក្នុងន័យនេះ គ្រប់គម្រោងអភិវឌ្ឍទាំងអស់ត្រូវតែបង្រៀនឱ្យប្រជាពលរដ្ឋចេះរស់ ចេះរកលុយបានដោយខ្លួនឯង កុំឱ្យពួកគេរស់ដោយសារការសុំជំនួយពីអ្នកដទៃ ជាក់ស្តែងក្នុងរយៈពេលជាង ២៨០ថ្ងៃ របស់លោករដ្ឋមន្រ្តី បានដាក់ចេញនូវគម្រោងគោលដៅលំហែបៃតង នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលគម្រោងនេះ ក្រសួងបរិស្ថានបានសាង់សង់កន្លែងលំហែកំសាន្ត ដែលមានចរិកលក្ខណៈ និងរចនាបទជាខ្មែរ នៅក្នុងសហគមន៍មូលដ្នានតំបន់ការពារធម្មជាតិ ដើម្បីឱ្យប្រជាសហគមន៍អាចរកប្រាក់ចំណូលបាន នឹងកែប្រែ មុខរបរពួកគេពីការចូលព្រៃកាប់ឈើ បាញ់សត្វ រកអនុផលព្រៃឈើ មកជាការផ្តល់សេវាកម្មទេសចរណ៍ ផលិតផលកសិកម្មវិញ។

នេះគឺជាភាពជោគជ័យ និងនិរន្តភាពនៃគម្រោងអភិវឌ្ឍ ដែលបានបង្រៀនប្រជាពលរដ្ឋឱ្យចេះពីរបៀបរកត្រី និងរក្សាត្រីឱ្យកើត ត កពូនសម្រាប់ទ្រទ្រង់ជីវភាព មិនមែនយកតែត្រីឱ្យនោះទេ។ ការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ ធ្វើឡើងនៅក្នុងវេទិកាថ្នាក់ជាតិស្តីពី ការធានាសុវត្ថិភាពការងារ ក្នុងបរិបទការប្រែប្រួលអាកាសធាតុសម្រាប់កម្មករ កសិករជាស្រ្តី ក្នុងវិស័យកសិកម្មស្បៀងអាហារ នាថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំនៃសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ៕

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា

ចំនួនអ្នកទស្សនា: Views


(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៨០០នាក់ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ «ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធន មនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល» នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានលើកឡើងថា ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក និយាយរួម និងនិយាយដោយឡែក ប្រទេសកម្ពុជា តែងតែបានប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពី សិទ្ធិកុមារ, អនុសញ្ញាលេខ១៨២ របស់អង្គការអន្តរជាតិ ស្ដីពីការហាមប្រាមសកម្មភាពបន្ទាន់ សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ និងបទដ្ឋានជាតិ អន្តរជាតិ ស្តីពីសិទ្ធិកុមារផ្សេងៗទៀត។

លោកអភិបាលខេត្ត បានបន្តថា កុមារ គឺជាអ្នកបន្តវេនប្រទេសជាតិ ដូចពាក្យស្លោកថា «កុមារគឺជាទំពាំងស្នងប្ញស្សី» ហេតុនេះហើយ វាត្រូវការជាចាំបាច់នូវការយកចិត្តទុកដាក់ថែទាំ គាំទ្រពីក្រុមគ្រួសារ សហគមន៍ហើយកុមារមានសិទ្ធិទទួលបាននូវការអភិវឌ្ឍក្នុងបរិស្ថានសង្គមដ៏ល្អប្រសើរ។ ដោយផ្អែកតាមផែនការយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ក្នុងការបង្កើនថវិកាលើវិស័យសង្គមកិច្ច អប់រំ សុខាភិបាល

អភិវឌ្ឍជនបទកសិកម្ម និងវិស័យមួយចំនួនទៀត ក្នុងគោលដៅបម្រើឱ្យសុខមាលភាពប្រជាជនកាន់តែមានភាពប្រសើរឡើងពិសេសចំពោះកុមារ។


របាយការណ៍ជាតិ នៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារបានវាយតម្លៃជាវិជ្ជមាននូវលទ្ធផល នៃការអនុវត្តសិទ្ធិជាចំបងរបស់កុមារ គឺសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិក្នុងការចូលរួមរបស់កុមារ។

លោកអភិបាលខេត្ត បានឱ្យដឹងថា អត្រាមរណៈមាតា និងទារក ត្រូវបានកាត់បន្ថយការផ្តល់វ៉ាក់សាំង ថ្នាំបង្ការ ជម្ងឺដល់កុមារ ការអប់រំសិក្សា និងការពារការប្រឆាំងនឹងអំពើរំលោភបំពានផ្សេងៗ ត្រូវបានយកចិត្តទុកដាក់ជំរុញឱ្យកាន់តែប្រសើរឡើងជាលំដាប់។ ទោះបីជាយ៉ាងណាក្តី កុមារកម្ពុជា នៅប្រឈមមុខជាមួយនឹងបញ្ហាមួយចំនួននៅឡើយ ដូចជាអំពើហិង្សាលើកុមារ ការប្រើប្រាស់គ្រឿងញៀន (អនិតិជនទំនាស់នឹងច្បាប់ អំពើជួញដូរកុមារ ពលកម្មកុមារ។ល។ ទាំងអស់នេះ ដែលតម្រូវឱ្យយើងទាំងអស់គ្នា ត្រូវរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា និងចំគោលដៅ៕

ព្រឹទ្ធសភា បង្ហាញលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ចំនួនអ្នកទស្សនា: Views



ព្រឹទ្ធសភា នីតិកាលទី៥ បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើបៀបវារៈចំនួន៤។

របៀបវារៈចំនួន៤នេះរួមមាន៖

១៖ ការពិនិត្យ និងសម្រេចអំពីការបង្កើតក្រុមមិត្តភាពព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្តាប្រទេសជាមិត្ត។
២៖ ការពិនិត្យ និងសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបន្ទុកសហប្រតិបត្តិការជាមួយអង្គការអន្តរសភា។
៣៖ ការពិនិត្យ និងសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ត្រៀមសហការនិងចូលរួមជាមួយរដ្ឋសភាក្នុងកិច្ចប្រជុំនៃអង្គការអន្តរសភា។
៤៖ ផ្សេងៗ។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចដូចខាងក្រោម៖

១៖ បង្កើតក្រុមមិត្តភាពព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភានៃបណ្តាប្រទេសជាមិត្តចំនួន ១១ប្រទេស រួមមាន៖ ព្រឹទ្ធសភានៃសាធារណរដ្ឋបារាំង, សភាប្រឹក្សានយោបាយប្រជាជនចិន, រដ្ឋសភាតួកគី, ព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃឡង់ដ៍, រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម, រដ្ឋសភានៃសាធារណ-រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃ សហព័ន្ធរុស្ស៉ី, ព្រឹទ្ធសភាជប៉ុន, រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ, ព្រឹទ្ធសភានៃសាធារណ-រដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល-ប៊ែលហ្ស៊ិក។

២៖ បង្កើតក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបន្ទុកសហ-ប្រតិបត្តិការជាមួយអង្គការអន្តរសភាចំនួន៥ រួមមាន៖
* សភាប្រើភាសាបារាំង (Assemblée Parlementaire de la Francophonie – APF)
* សហភាពអន្តរសភា (Inter-Parliamentary Union – IPU)
* វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Parliamentary Forum – APPF)
* សភាតំបន់អាស៊ី (Asian Parliamentary Assembly – APA)
* បណ្តាញសភានៃក្រុមប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ (Non-Aligned Movement Parliamentary Network – NAM-PN)។

៣៖ បង្កើតក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ត្រៀមសហការនិងចូលរួមជាមួយរដ្ឋសភាក្នុងកិច្ចប្រជុំនៃអង្គការអន្តរសភាចំនួន៤ រួមមាន៖
* អន្តរសភាអាស៊ាន (ASEAN Inter-Parliamentary Assembly – AIPA)
* កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (Cambodia – Laos – Viet Nam (CLV) Parliamentary Summit)
* ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (Asia-Europe Parliamentary Partnership – ASEP)
* សភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (International Parliament for Tolerance and Peace – IPTP)៕


ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មសម្រាប់ខែឧសភា និងលើកទិសដៅការងារខែមិថុនា ព្រមទាំងផ្សព្វផ្សាយប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា។

ពិធីនេះមានការអញ្ជើញចូលរួមពីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងប្រធានស្នាក់ការប្រចាំតំបន់ទាំងអស់ របស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ព្រមទាំងលោកអនុប្រធាននាយកដ្ឋាន ប្រធានលេខាធិការដ្ឋាន នៃនាយកដ្ឋានកណ្តាលសន្តិសុខ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មដែលអានដោយឧត្តមសេនីយ៍ឯក សៀង សេន រួចមកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានឯកភាពទាំងស្រុងនូវរបាយការណ៍ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃល្អនាពេលកន្លងមករបស់នាយកដ្ឋាន។

ដើម្បីប្រសិទ្ធភាពការងារបន្ថែមទៀត ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានមានប្រសាសន៍ផ្ដល់មតិដឹកនាំមួយចំនួនដូចខាងក្រោម៖

ទី១៖ ផ្សព្វផ្សាយប្រកាសស្តីពី បទវិន័យនគរបាលជាតិកម្ពុជាដល់ថ្នាក់ដឹកនាំ និងមន្រ្តីចំណុះនាយកដ្ឋានក្នុងទិសដៅពង្រឹងវិន័យ និងបង្កើនប្រសិទ្ធភាពការងារ។

ទី២៖ ពង្រឹងវិន័យ វត្តមានរបស់មន្រ្តី និងការងារតាមការិយាល័យជំនាញតាមរយះការបែងចែកភារកិច្ចដល់មន្រ្តីគ្រប់រូប ដោយបើកទូលាយការចែករំលែកចំណេះដឹង និងការចុះអនុវត្តការងារផ្ទាល់។ រៀបចំឱ្យមានវគ្គបណ្តុះបណ្តាលផ្ទៃក្នុង អ្នកមានចំណេះដឹងច្រើន បង្រៀនអ្នកមានចំណេះដឹងតិច។

ទី៣៖ ត្រៀមរៀបចំសមាសភាពមន្រ្តីសម្រាប់ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម។

ទួី៤៖ បន្តតាមដាន និងកំណត់មុខសញ្ញា នូវគោលដៅដែលលួចបើកដំណើរការល្បែងផ្សងសំណាង និងល្បែង Online ខុសច្បាប់គ្រប់ប្រភេទ កសាងផែនការសម្រាប់ចុះបង្ក្រាប។

ទី៥៖ ស្នើសុំគោលការណ៍អនុញ្ញាតពីថ្នាក់ដឹកនាំ មុនពេលចុះប្រតិបត្តិការបង្ក្រាបតាមគោលដៅ និងធ្វើរបាយការណ៍លម្អិតដាក់ជូនមកថ្នាក់ដឹកនាំ។

និងទី៦៖ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ អត់ធ្មត់ សម្របសម្រួលដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើងក្នុងអង្គភាព៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ដល់កម្មករ-កម្មការិនី អនាម័យ និងបរិស្ថានចំនួន ២,៣៥៥នាក់ នៅរាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា: Views

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ដល់កម្មករ-កម្មការិនី អនាម័យ និងបរិស្ថានចំនួន ២,៣៥៥នាក់ នៅរាជធានីភ្នំពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលប្រជាពលរដ្ឋទូទាំងប្រទេស បានប្រសិទ្ធនាមថា ជា«មាតាមនុស្សរបស់កម្ពុជា» នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ដល់កម្មករ-កម្មការិនី អនាម័យ និងបរិស្ថានចំនួនសរុបប្រមាណ ២,៣៥៥នាក់ ដែលប្រកបការងារនៅរាជធានីក្នុងភ្នំពេញ។

ពិធីសំណេះសំណាលប្រកបដោយក្តីអាណិតស្រលាញ់ ជាមួយស្នាមញញឹមដ៏កក់ក្តៅ និងការនឹករលឹកខាងលើនេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

សកម្មភាពមនុស្សធម៌ និងការយកចិត្តទុក្ខដាក់ដល់ប្រជាជនកម្ពុជាខាងលើនេះ ពិសេសពលរដ្ឋគ្រប់រូបដោយមិនរើសអើងឲ្យតែជួបទុក្ខលំបាកភាពខ្វះខាត ងាយរងគ្រោះ និងរងគ្រោះបំផុត មាតាមនុស្សប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តដ៏បរិសុទ្ធ មហាសប្បុរស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺតែងតែផ្តល់ការជួយសង្គ្រោះ និងសម្រាលការលំបាកវេទនាទាំងនោះជូនដល់ប្រជាជនជានិច្ច។

ជាក់ស្តែងដូចព្រឹកនេះដូច្នេះដែរ កម្មករ-កម្មការិនី អនាម័យ និងបរិស្ថានចំនួន ២,៣៥៥នាក់ នៅរាជធានីភ្នំពេញ គឺសុទ្ធសឹងតែជាពលរដ្ឋដែលមានជីវភាពក្រខ្សត់ខ្វះខាត ខ្លះមានជម្រករស់នៅខ្លួនឯង ខ្លះរស់ក្រោមដំបូលផ្ទះគេ ឬជួលផ្ទះគេជាដើម ដើម្បីជ្រកក្តៅ ជ្រកភ្លៀង ទោះជាទទួលបានការសម្រាលការលំបាកមួយផ្នែកពីរាជរដ្ឋាភិបាលកម្ពុជាក្តី ក៏វត្តមានកាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅតែបន្តជួយសម្រាលការលំបាកមួយផ្នែកទៀត ក្នុងនាមជាជំនួយការឲ្យអាជ្ញាធរមូលដ្ឋាន លើការងារមនុស្សធម៌។

ក្នុងឱកាសសំណេះសំណាលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្តល់នូវអំណោយមនុស្សធម៌ ជូនដល់ លោកអ៊ុំ ពូ មីង ក្មួយៗ និងចៅៗ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង,ទឹកស៊ីអ៉ីវ ១យួរ, ទឹកត្រី ១យួរ, ឃីត១ (មុង១, ភួយ១, សារុង១ ក្រមា១), ទឹកសុទ្ធចំណុះ ១.៥លីត្រ ១ដប ភេសជ្ជៈប៉ូការីស្វេត ១យួរ និងថវិកា៥០,០០០រៀល៕