January 2024 ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

ពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទៅកាន់គណៈប្រតិភូក្រុមបាល់ទាត់យុវជនស.ស.យ.ក. វិស័យសាធារណការ និងដឹកជញ្ជូន

ចំនួនអ្នកទស្សនា: Views

 ពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទៅកាន់គណៈប្រតិភូក្រុមបាល់ទាត់យុវជនស.ស.យ.ក. វិស័យសាធារណការ និងដឹកជញ្ជូន

 ភ្នំពេញ :ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នាល្ងាចថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ គណៈប្រតិភូក្រុមបាល់ទាត់យុវជនស.ស.យ.ក. វិស័យសាធារណការ និងដឹកជញ្ជូន ចូលជួបសម្តែងការគួរសម និងសំណេះសំណាល ទទួលយកអនុសាសន៍ល្អៗ ដោយមានការចូលរួមផងដែរពី ឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

ក្នុងពិធីសំណេះសំណាលនាល្ងាចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមបាល់ទាត់យុវជនស.ស.យ.ក. វិស័យស.ក.ដ. ដែលបានប្រឹងប្រែងហ្វឹកហាត់រហូតដណ្តើមបានជ័យលាភី ក្នុងការប្រកួតបាល់ទាត់យកពានរង្វាន់ “មិត្តភាពយុវជន ស.ស.យ.ក អន្តរក្រសួង-ស្ថាប័ន” ប្រចាំឆ្នាំ២០២៣ កន្លងទៅ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យកីឡាករគ្រប់រូបបន្តយកចិត្តទុកដាក់ហ្វឹកហាត់បន្ថែមទៀត សម្រាប់រដូវកាលថ្មី ឆ្នាំ២០២៤នេះ ព្រមទាំងបង្កើននូវសាមគ្គីភាព មិត្តភាព និងភាពស្និតស្នាល ពីស្ថាប័នមួយ ទៅស្ថាប័នមួយ តាមរយៈការហ្វឹកហាត់ និងការលេងនូវកីឡាមួយនេះ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់ថ្នាក់ដឹកនាំពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ទំនុកបំរុង និងលើកទឹកចិត្តក្នុងគ្រប់រូបភាព ដល់កីឡាករ និងគ្រូបង្វឹកគ្រប់រូប ដើម្បីឱ្យការហ្វឹកហាត់កាន់មានប្រសិទ្ធិភាព និងលទ្ធផលគាប់ប្រសើរបន្តទៀត ពិសេសគឺត្រូវមានរៀបចំផែនការសកម្មភាពទុកជាមុនឱ្យបានច្បាស់លាស់ មុននឹងចូលរួមការប្រកួតមួយលើកៗ ដើម្បីបញ្ចៀសការប៉ះពាល់ដល់ការងារស្នូលដែលត្រូវបំពេញ។

សូមរម្លឹកដែរថា ក្រុមបាល់ទាត់យុវជនស.ស.យ.ក. វិស័យស.ក.ដ. ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ដោយបានចូលរួមការប្រកួតមិត្តភាព និងប្រកួតដណ្តើមពានរង្វាន់ផ្សេងៗជាហូរហែ។ ក្រុមបាល់ទាត់នេះ ដំណើរការបានយ៉ាងរលូន គឺដោយសារមានការគាំទ្រពីថ្នាក់ដឹកនាំក្រសួងគ្រប់លំដាប់ថ្នាក់ តាំងពីដើមរៀងមក ហើយបច្ចុប្បន្ន ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងគ្រប់អង្គភាពក្រោមឱវាទក្រសួង ក៏នៅតែបន្តជួយឧបត្ថម្ភគាំទ្រក្នុងគ្រប់រូបភាពផងដែរ៕ ដោយ៖ dara

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មអះអាងថា ឆ្នាំ២០២៤ គ្រប់ការផ្តល់សេវាកម្មនឹងប្រើប្រាស់តាមប្រព័ន្ធអនឡា

ចំនួនអ្នកទស្សនា: Views

 រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មអះអាងថា ឆ្នាំ២០២៤ គ្រប់ការផ្តល់សេវាកម្មនឹងប្រើប្រាស់តាមប្រព័ន្ធអនឡាញ

(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ថា ឆ្នាំ២០២៤ ក្រសួងនឹងជំរុញរាល់ការផ្តល់សេវាផ្សេងៗរបស់ក្រសួងដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ពោលគឺរៀបចំតាមប្រព័ន្ធអនឡាញទាំងអស់។

ក្លិបអ្នកកាសែតកម្ពុជា រៀបចំវេទិកាពិភាក្សាលើប្រធានបទ «អាទិភាពការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»

ការថ្លែងអះអាងបែបនេះរបសលោករដ្ឋមន្ត្រី គឺក្នុងឱកាសដែលក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាពិភាក្សាលើប្រធានបទ «អាទិភាពការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» កាលពីពេលថ្មីៗនេះ  នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ការលើកឡើងនេះស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ដែលជំរុញឲ្យគ្រប់ស្ថាប័នជាតិទាំងអស់រុញការផ្តល់សេវាកម្មផ្សេងៗតាមប្រព័ន្ធអនឡាញ ដើម្បីបង្កើនការប្រកួតប្រជែងក្នុងបរិបទសេដ្ឋកិច្ចសកល។

ទាក់ទងការៀបចំការផ្តល់សេវាតាមអនឡាញ បើតាមលោករដ្ឋមន្រ្តី ក្រសួងបានបង្កើតច្រកចេញចូលតែមួយ One stop service window ក្នុងន័យបម្រើការផ្តល់សេវាឲ្យបានឆាប់រហ័ស មានប្រសិទ្ធភាព កាត់បន្ថយចំណាយពេលវេលារបស់អ្នកប្រើប្រាស់។

លោករដ្ឋមន្រ្តីអះអាងថា សេវាសាធារណៈជាតម្រូវការចាំបាច់របស់វិស័យឯកជន ដែលចាំបាច់ស្ថាប័នជាតិត្រូវបន្តសម្រួលឆ្លើយតបតាមបរិបទនៃបច្ចេកវិទ្យា និងស្ថានភាពនៃប្រកួតប្រជែងនាពេលបច្ចុប្បន្ន។​

សូមបញ្ជាក់ថា ការៀបចំវេទិកាខាងលើ គឺធ្វើឡើងដោយមានកិច្ចសហការ និងគាំទ្រពីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានលើកជាសំណួរទាក់ទងតួនាទីភារកិច្ច បញ្ហាប្រឈម ការវាយតម្លៃស្តង់ដារនិងគុណភាពផលិតផល ការគ្រប់គ្រងសិប្បកម្ម កាកសំណល់ និងការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងនិងទីប្រជុំជន ក៏ដូចជាការងារសិក្សាស្រាវជ្រាវពិសោធន៍និងការអភិវឌ្ឍបច្ចេកវិទ្យា។​

វាគ្មិនអញ្ជើញចូលរួមវេទិការនេះ គឺលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក ពុយ គា ប្រធានក្លឹបអ្នកកាសែត ជាអ្នកសម្របសម្រួល៕ 

ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តដល់អ្នកសារព័ត៌មាន បន្តពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈការសិក្សាជំនាញវិជ្ជាជីវៈ តាមវគ្គបណ្តុះបណ្តាលនានា

ចំនួនអ្នកទស្សនា: Views

 

ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តដល់អ្នកសារព័ត៌មាន បន្តពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈការសិក្សាជំនាញវិជ្ជាជីវៈ តាមវគ្គបណ្តុះបណ្តាលនានា

 ភ្នំពេញ: ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ក្នុងវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានរៀបចំដោយសមាគមអ្នកសារព័ត៌មានសកលសន្តិភាពនៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញនេះ ពីគុណតម្លៃនៃការគោរពវិជ្ជាជីវៈសារព័ត៌មានដែលអ្នកសារព័ត៌មានគោរពក្រមសីលធម៍វិជ្ជាជីវៈ ដើម្បីគុណតម្លៃនៃអាជីពរបស់ខ្លួន និងគុណតម្លៃក្នុងការផ្តល់ព័ត៌មានពិតត្រឹមត្រូវជូនដល់សាធារណជន។

ឯកឧត្តម បានបន្ថែមថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មាន សូមបន្តពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំតាមរយៈការសិក្សាជំនាញវិជ្ជាជីវៈតាមវគ្គបណ្តុះបណ្តាលនានា និងការស្វ័យសិក្សា ព្រមទាំងគោរពក្រមសីលធម៎វិជ្ជាជីវៈឱ្យបានត្រឹមត្រូវពេលអនុវត្តការងារ»។

បន្ថែមពីលើនេះ ក្រសួងព័ត៌មានបន្តគាំទ្រ និងចូលរួមវគ្គបណ្តុះបណ្តាលតាមរយៈការបញ្ជូននូវវាគ្មិនចំណានចូលរួមជាគ្រូឧទ្ទេស បន្ថែមពីអ្វីដែលក្រសួងបានខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាល តាមរយៈមណ្ឌលបណ្តុះបណ្តាលវិក្រឹត្យការវិជ្ជាជីវៈសារព័ត៌មាន៕ ដោយ៖ កន ចំណាន, រូបថត៖ ខឹម សុវណ្ណារ៉ា

ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤

ចំនួនអ្នកទស្សនា: Views

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ

 ភ្នំពេញ :នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

សូមជម្រាបថា គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្រោមជំនួយអភិវឌ្ឍន៍របស់ប្រទេសជប៉ុន បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ការសាងសង់ក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា គិតមកដល់ពេលនេះវឌ្ឍនភាពជារួមនៃអនុគម្រោងទាំងពីរគឺ អនុគម្រោងរលាំងជ្រៃ និងអនុគម្រោងកណ្តាលស្ទឹងបាទីសម្រេចបានប្រមាណ១០% នៃទំហំការងារសរុប។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា ដោយសារគម្រោងនេះកំពុងអនុវត្តមានតម្រូវការបិទទ្វារទឹករលាំងជ្រៃ បានបណ្តាលឱ្យផ្នែកខ្លះនៃក្រុងច្បារមន ស្រុកសំរោងទង និងស្រុកគងពិសី នៃខេត្តកំពង់ស្ពឺ មានស្ថានភាពខ្វះខាតទឹកប្រើប្រាស់ និងប៉ះពាល់ដល់ការងារស្រោចស្រពផលដំណាំរបស់បងប្អូនប្រជាកសិករនៅផ្នែកខាងក្រោម។

ឆ្លើយតបចំពោះបញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹកខេត្ត រួមជាមួយអាជ្ញាធរពាក់ព័ន្ធក៏ដូចជា JICA កំពុងដុតដៃដុតជើងដោះស្រាយបញ្ហាខ្វះខាតទឹកនេះ ដោយធ្វើយ៉ាងណាអាចឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ដូចដើម និងបានបញ្ជាឱ្យបើកទ្វារទឹកមេរលាំងជ្រៃឡើងវិញ។

សូមបញ្ជាក់ថា មុនពេលចាប់ផ្តើមអនុវត្តគម្រោង មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងរដ្ឋបាលខេត្តកំពង់ស្ពឺក៏បានជូនដំណឹងជាមុនផងដែរ ពាក់ព័ន្ធនឹងកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ តាមរយ:លិខិតលេខ ៥៣៤/២៣សជណ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ។ ជាក់ស្តែងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ គម្រោងបានសាងសង់ទំនប់ពង្វាងទឹកនៅផ្នែកខាងលើនៃសំណង់មេស្ទាក់ទឹករលាំងជ្រៃ និងបានបិទទ្វារទឹកដើម្បីពិនិត្យគុណភាពសំណង់ ដោយបង្វែរចរន្តទឹកតាមវារីអគ្គិសនីខ្នាតតូចចុះទៅផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោត ដែលធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកប្រចាំថ្ងៃរបស់ស្ថានីយផ្គត់ផ្គង់ទឹកស្អាតចំនួន ៥ ដែលយកទឹកពីប្រឡាយមេរលាំងជ្រៃខាងត្បូង ជូនដល់ប្រជាពលរដ្ឋរស់នៅផ្នែកខាងក្រោមនៃទ្វារទឹកមេរលាំងជ្រៃ ក្នុងក្រុងច្បារមន ស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរចំពោះវឌ្ឍនភាព នៃគម្រោងដែលសម្រេចបាន ព្រមទាំងមានប្រសាសន៍ណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ឱ្យខិតខំធ្វើយ៉ាងណាសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបញ្ជូនទឹកឱ្យដល់បងប្អូនដែលនៅផ្នែកខាងក្រោមក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកណ្តាលបានប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងផ្គត់ផ្គង់ដល់ការស្រោចស្រពដំណាំកសិកម្មដែលកំពុងប្រឈមការខ្វះទឹក។

គួរបញ្ជាក់ថា គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញបានបែងចែកអនុវត្តជាពីរអនុគម្រោងគឺ ទី១)អនុគម្រោងរលាំងជ្រៃដែលស្ថិតនៅក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានប្រភពទឹកពីស្ទឹងព្រែកត្នោត ដោយជួសជុលប្រឡាយមេខាងជើង ចំនួន ១ខ្សែ មានប្រវែង ១១,៧០គីឡូម៉ែត្រ ជួសជុលប្រឡាយមេខាងត្បូងចំនួន ១ខ្សែ មានប្រវែង ១២,៦០ គីឡូម៉ែត្រ និងសាងសង់សំណង់ពាក់ព័ន្ធសរុបចំនួន ២០៧កន្លែង និង ទី២)អនុគម្រោងកណ្តាលស្ទឹងបាទី ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ មានប្រភពទឹកពីស្ទឹងព្រែកត្នោត និងស្ទឹងតូច ដោយត្រូវសាងសង់ទំនប់សណ្តស្ទឹងតូចចំនួន ១ខ្សែ មានប្រវែង ៩,៤០ គីឡូម៉ែត្រ សាងសង់ប្រឡាយមេបេតុងនាំទឹកទៅទន្លេបាទីចំនួន ១ខ្សែ មានប្រវែង ៤គីឡូម៉ែត្រ និងសាងសង់សំណង់ពាក់ព័ន្ធសរុប ៣៣កន្លែង៕ ផ្សាយដោយ៖dara

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបប្រជុំជាមួយមេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ ដើម្បីធានាដល់ការផ្តល់មេធាវីស្ម័គ្រចិត្តជួយការពារក្តីជូនប្រជាពលរដ្ឋក្នុងអំឡុងយុទ្ធនាការពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌

ចំនួនអ្នកទស្សនា: Views

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបប្រជុំជាមួយមេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ ដើម្បីធានាដល់ការផ្តល់មេធាវីស្ម័គ្រចិត្តជួយការពារក្តីជូនប្រជាពលរដ្ឋក្នុងអំឡុងយុទ្ធនាការពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ព្រមទាំង ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិកនៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានជួបប្រជុំជាមួយមេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ ប្រមាណ ១៨០ រូប ដើម្បីបញ្ជាក់អំពីការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។ 

ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូននៅក្នុងកិច្ចប្រជុំនេះអំពីតួនាទីរបស់មេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌នៅក្នុងយុទ្ធនាការទាំង ២ របស់ក្រសួង ដែលនឹងត្រូវចូលរួមជួយការពារក្តីជូនប្រជាពលរដ្ឋដែលបានស្នើសុំជំនួយមេធាវីតាមរយៈយុទ្ធនាការទាំង ២ នេះផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសបញ្ជាក់ថា ការដាក់ចេញយុទ្ធនាការនេះ គឺធ្វើទៅតាមការប្រគល់ភារកិច្ចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាអាទិភាពនយោបាយដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

 ទន្ទឹមនឹងការអនុវត្តយុទ្ធនាការទាំង ២ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានគូសបញ្ជាក់ផងដែរ អំពីវិធានការដាច់ខាត ដែលត្រូវអនុវត្តចំពោះសំណុំរឿង ៣ ប្រភេទ គឺ គ្រឿងញៀន, គ្រោះថ្នាក់ចរាចរណ៍ និងអត្រានុកូលដ្ឋាន ដែលជាកិច្ចការអាទិភាព ដែលចាំបាច់ត្រូវតែដោះស្រាយដោយតម្លាភាព ភាពត្រឹមត្រូវតាមច្បាប់ និងភាពម៉ឺងម៉ាត់ ស្របតាមទិសដៅនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ក៏ដូចជា ការចូលរួមទទួលខុសត្រូវនៃវិស័យយុត្តិធម៌ចំពោះមុខប្រជាជន និងសង្គមជាតិ។

ជាមួយគ្នានេះផងដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានសម្តែងនូវការអរគុណចំពោះការសម្តែងនូវឆន្ទៈរបស់ក្រុមមេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ទាំងអស់ ក្នុងការចូលរួមអនុវត្តយុទ្ធនាការទាំង ២ ដែលត្រូវបានប្រកាសដាក់ចេញដោយក្រសួងយុត្តិធម៌ តាមរយៈការស្ម័គ្រចិត្តជួយការពារក្តីជូនប្រជាពលរដ្ឋ ជាពិសេស ការការពារក្តីជូនប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលរងគ្រោះដោយអយុត្តិធម៌ ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ក្នុងបុព្វហេតុនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ក៏ដូចជា ក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។

 បន្ថែមពីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនមេធាវីទីប្រឹក្សាទាំងអស់ផងដែរថា ការជួយដល់ប្រជាជន ជាពិសេស ប្រជាជនក្រីក្រ និងប្រជាជនដែលរងគ្រោះដោយអយុត្តិធម៌ នឹងទទួលបានការគោរព និងកិត្តិយសយ៉ាងធំធេងពីសំណាក់ប្រជាជន និងសង្គមជាតិ ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈច្បាប់។

សូមបញ្ជាក់ជូនផងដែរថា គណៈបញ្ជាការដឹកនាំយុទ្ធនាការនឹងធ្វើការផ្សព្វផ្សាយនូវបញ្ជីឈ្មោះមេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ ដែលស្ម័គ្រចិត្តចូលរួមក្នុងការអនុវត្តយុទ្ធនាការទាំង ២ នេះ ជូនដល់សាធារណជន នាពេលឆាប់ៗខាងមុខនេះ។