October 2023 ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យសាលាប៉ូលឌុយប្រ៊ូលសហការពង្រីកវិសសាលភាពបណ្តុះបណ្តាលជំនាញសណ្ឋាគារ និងទេសចរណ៍

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានជំរុញឱ្យសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល និងស្ថាប័នជំនាញរបស់ក្រសួងធ្វើការរួមគ្នាក្នុងការពង្រីកវិសាលភាពនៃការបណ្តុះបណ្តាលជំនាញឯកទេសសណ្ឋាគារ និងទេសចរណ៍ដល់ពលរដ្ឋកម្ពុជា។ ការលើកឡើងបែបនេះ គឺធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោករដ្ឋមន្ត្រី និងលោក ហ្រ្វង់ស័រ ស្មូបេលែន នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូលនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សម្រាប់លោករដ្ឋមន្ត្រី កិច្ចសហការបណ្តុះបណ្តាលជំនាញឯកទេសសណ្ឋាគារ និងទេសចរណ៍នេះ នឹងជួយឱ្យពលរដ្ឋកម្ពុជាកាន់តែច្រើនបន្ថែមទៀតមានជំនាញជាក់លាក់ប្រកបដោយប្រសិទ្ធភាពខណៈដែលកម្ពុជាមានតម្រូវការកម្លាំងជំនាញនេះជាច្រើនបន្ថែមទៀតក្នុងទីផ្សារ។

ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនោះ លោក ហ្រ្វង់ស័រ ស្មូបេលែន នាយកសាលាសណ្ឋាគារ និងទេសចរណ៍ បានបង្ហាញពីវឌ្ឍនភាពចំពោះការបណ្តុះបណ្តាលពលរដ្ឋកម្ពុជាមកពីគ្រប់កន្លែងជាពិសេសជនមានពិការភាពឱ្យមានជំនាញក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចជាក់លាក់ និងទទួលបានឱកាសការងារដែលទីផ្សារបានទទួលស្គាល់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានលើកសរសើរ និងថ្លែងអំណរគុណដល់សាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូលដែលបានផ្តល់ជំនាញពិតប្រាកដដល់ពលរដ្ឋកម្ពុជាជាច្រើនពាន់នាក់តាំងពីចាប់ផ្តើមដំណើរការនៅឆ្នាំ២០០២មក។

យ៉ាងណាក៏ដោយ មុននឹងបញ្ចប់លោករដ្ឋមន្ត្រី បានរំពឹងថា សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល និងស្ថាប័នជំនាញរបស់ក្រសួង នឹងសហការគ្នាដើម្បីពង្រីកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ និងសណ្ឋាគារដល់ពលរដ្ឋកម្ពុជា ស្របទៅតាមទស្សនៈវិស័យរបស់ក្រសួងដែលផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ពលរដ្ឋដើម្បីមានជីវភាពកាន់តែប្រសើរ និងចូលរួមរុញច្រានកំណើនសេដ្ឋកិច្ចជាតិ៕

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះកម្ពុជា-កូរ៉េ (JC)

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះកម្ពុជា-កូរ៉េ (JC) នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោកស្រី ទួត បញ្ញា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង លោក Chang Ho-jin អនុរដ្ឋមន្ត្រីការបរទេសទី១ នៃសាធារណរដ្ឋកូរ៉េ បានធ្វើជាសហប្រធានដឹកនាំនៃកិច្ចប្រជុំនេះ។

កិច្ចប្រជុំនេះ បានពិនិត្យឡើងវិញនូវសមិទ្ធផល និងបានពិភាក្សាលើមធ្យោបាយនានាដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗ រួមមាន នយោបាយ ពាណិជ្ជកម្មនិងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការងារ ការអភិវឌ្ឍជនបទ សុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ក្នុងចំណោមវិស័យជាច្រើនទៀត ។

កិច្ចប្រជុំ ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្រោមក្របខ័ណ្ឌអាស៊ាន-សាធារណរដ្ឋកូរ៉េ មេគង្គ-សាធារណរដ្ឋកូរ៉េ និងអង្គការសហប្រជាជាតិ ព្រមទាំងស្ថានការណ៍នៅឧបទ្វីបកូរ៉េផងដែរ៕

ក្រសួងអប់រំ រៀបចំពិធីប្រគល់មេដាយសម្រាប់ការប្រកួតការឌីហ្សាញផលិតផលមេកាត្រូនិច

ចំនួនអ្នកទស្សនា: Views

 ក្រសួងអប់រំ រៀបចំពិធីប្រគល់មេដាយសម្រាប់ការប្រកួតការឌីហ្សាញផលិតផលមេកាត្រូនិច

(ភ្នំពេញ)៖ ដើម្បីបង្កើនការយល់ដឹងការច្នៃប្រឌិតនិងបង្កើនជំនាញរបស់សិស្សនៅក្នុងវិស័យ ពហុវិនិច្ឆ័យ ឬបន្សំ អេឡិចត្រូនិក វិស័យផ្សេងៗនៃវិស្វកម្មដូចជា អគ្គិសនី កុំព្យូទ័រ និងមេកានិច ត្រូវការនៅក្នុងឧស្សាហកម្មស្វ័យប្រវត្តិកម្ម ក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានស្រាវជ្រាវច្នៃប្រឌិត និងច្នៃប្រឌិតរបស់ក្រសួងអប់រំ បានសហការជាមួយក្រុមហ៊ុនអង្គការស្ទែមកម្ពុជា រៀបចំកម្មវិធីការប្រកួតការឌីហ្សាញផលិតផលមេកាត្រូនិច (Creative Mechatronic Product Design)។

តាមរយៈកម្មវិធីនេះបានផ្តល់ជាឱកាសសម្រាប់សិស្សានុសិស្សទាំងអស់ ដែលកំពុងសិក្សានៅថ្នាក់មធ្យមសិក្សាសាធារណៈ និងឯកជន ដើម្បីបង្ហាញពីការងារ និងសមត្ថភាព ឬជំនាញរបស់ខ្លួន ជាសាធារណៈលើភាពវៃឆ្លាត (ingenuity) ភាពច្នៃប្រឌិត (creativity) គុណប្រយោជន៍សំរាប់ប្រើប្រាស់ (utility) រូបរាង សណ្ឋាន ឬទម្រង់ (form) និងការបង្កើតមុខងារ (function)។

លើកឡើងក្នុងពិធីប្រគល់មេដាយសម្រាប់ការប្រកួតការឌីហ្សាញផលិតផលមេកាត្រូនិច​នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ​ លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា តាមរយៈកម្មវិធីនេះបានផ្តល់ឱកាសយ៉ាងធំធេងដល់សិស្សានុសិស្ស និងជួយដល់សិស្សានុសិស្សដូចជា ជួយឱ្យសិស្សានុសិស្សបានទទួលនូវបទពិសោធន៍ថ្មីពីការរៀន និងការសម្សាន្ត, សិស្សានុសិស្សបានចូលរួមបែបថ្មី ជាការរៀនដោយការគិតពិចារណា ដើម្បីដោះស្រាយបញ្ហា រៀនដោះស្រាយជាក្រុម។

លោកបណ្ឌិត សាន វឌ្ឍនា បានបន្ថែមដែរថា តាមរយៈកម្មវិធីនេះដែរ សិស្សានុសិស្សក៏អាចបានជួបប្រាស្រ័យទាក់ទងជាមួយនឹងការតម្រង់ទិស ការបង្វឹកពីបណ្តាអ្នកជំនាញដែលមានបទពិសោធន៍ជាច្រើន ដែលទាំងនេះជាការបន្ថែមពីលើការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងតាមសាលារៀន ក៏ដូចជាការបង្វឹកដល់ខ្លួនឯងក្នុងរៀននៅក្នុងថ្នាក់រៀនផង និងនៅខាងក្រៅថ្នាក់រៀនផងដែរ ដើម្បីបង្ហាញនូវគំនិតឆ្នៃប្រឌិតថ្មី និងចេះមើលឃើញពីបញ្ហានៅក្នុងសង្គម និងចេះរកដំណោះស្រាយដើម្បីដោះស្រាយបញ្ហាទាំងនេះ។

សូមបញ្ជាក់ដែរថា ការចូលរួមរបស់សិស្សានុសិស្សពីគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនទាំងអស់នេះ ដើម្បីបានបញ្ចេញស្នាដៃនិងសមត្ថភាពរបស់ខ្លួនទៅលើ ភាពច្នៃប្រឌិតលើការរចនាផលិតផលមេកាត្រូនិចកម្រិតមធ្យមសិក្សា បានទទួលនូវអត្ថប្រយោជន៍ដូចជា៖ ទទួលបានថវិកាគាំទ្រសម្រាប់ធ្វើការផលិតស្នាដៃការរចនាផលិតផលមេកាត្រូនិច, ក្រុមជ័យលាភីតែមួយគត់ដែលមានស្នាដៃល្អបំផុតនឹងទទួលបានវត្ថុអនុស្សាវរីយ៍ ថវិកាលើកទឹកចិត្ត និងវិញ្ញាបនបត្របញ្ជាក់ការចូលរួម, ក្រុមដែលទទួលបានជ័យលាភីនឹងទទួលបានការបណ្ដុះបណ្ដាលបន្ថែមពីសំណាក់វិស្វករជំនាញដើម្បីបង្កើតជាស្នាដៃគំរូពេញលេញ, ចំពោះស្នាដៃផលិតផលមេកាត្រូនិចដែលទទួលបានជ័យលាភីនឹងត្រូវទទួលបានការផ្សព្វផ្សាយ និងការតាំងបង្ហាញជាសាធារណៈ។

គួរជម្រាបដែរ សិស្សានុសិស្សដែលបានចូលរួមក្នុងការប្រកួតនេះ បានទៅលើក្រុមលេខ១ បានទៅលើក្រុម M4TB, លេខ២ បានទៅលើក្រុម Builder Max, លេខ៣ បានទៅលើក្រុម ក្រុមយុរវជនថ្នាក់ទៅ១២, លេខ៤ បានទៅលើក្រុម Teen-Bot និងលេខ៥ បានទៅលើក្រុម ក្រុមបន្ទាយមានជ័យ៕

ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ៧៣គ្រួសារ នៅសង្កាត់ក្បាលកោះ ទទួលអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន៧៣គ្រួសារ រស់នៅក្នុងសហគមន៍វាលស្បូវ មានទីតាំងនៅក្នុងភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង បានទទួលអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ។

សកម្មភាពមនុស្សធម៌នាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាននេះ ដឹកនាំដោយលោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ និងជាអភិបាលខណ្ឌ រួមជាមួយក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌជាច្រើននាក់ទៀត។

លោកអភិបាលខណ្ឌ បានណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាព កូនចៅរបស់ខ្លួននៅក្នុងគ្រួសារ ហាមកូនចៅចុះលេងទឹក ជាពិសេសត្រូវប្រុងប្រយ័ត្ន ចំពោះសត្វអសិរពិសគ្រប់ប្រភេទ។ ថ្វីដ្បិតតែអំណោយទាំងនេះ មិនសមប្រកបទៅតាមការចង់បានរបស់ប្រជាពលរដ្ឋយ៉ាងណាក៏ដោយ តែវាបានសម្រាលការលំបាករបស់បងប្អូនមួយរយៈពេលដែរ ហើយនេះជាទឹកចិត្តដ៏ប្រពៃរបស់សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រាបយកមកជួយឧបត្ថម្ភដើម្បីសម្រាលទុក្ខលំបាករបស់បងប្អូនដែលមានជីវភាពខ្វះខាត ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យប្រជាពលរដ្ឋរងគ្រោះដោយជំនន់ផ្សេងផ្សេង។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរខ្ពស់ពីការរស់នៅរបស់ប្រជាពលតដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ជាតិសាសន៍ ពណ៌សម្បុរ អ្វីនោះឡើយ។

លោកអភិបាលខណ្ឌបានផ្ដាំផ្ញើបន្ថែមដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ បើជួបបញ្ហាខ្វះខាតជីវភាពគ្រួសារ បញ្ហាមិនប្រក្រតីណាមួយ ដែលកើតឡើងត្រូវរាយការណ៍បន្ទាន់ដល់អាជ្ញាធរ សង្កាត់ និងខណ្ឌដើម្បីរិះរកមធ្យោបាយដោះស្រាយជូន។

អំណោយដែលយកមកចែកជូននៅពេលនេះក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម និងថវិកាមួយចំនួន៕

រដ្ឋមន្ដ្រីសុខាភិបាល ស្នើដល់មូលដ្ឋានសុខាភិបាលទាំងអស់ត្រូវយកចិត្ដទុក្ខដាក់ខ្ពស់ក្នុងការថែទាំ ព្យបាលអ្នកជំងឺ និងប្រចាំការជាប់ជានិច្ច ក្នុង២៤ម៉ោង

ចំនួនអ្នកទស្សនា: Views

(កណ្ដាល)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានស្នើដល់មន្ដ្រី បុគ្គលិក តាមមូលដ្ឋានសុខាភិបាល ដែលប្រតិបត្ដិផ្ទាល់ជាមួយអ្នជំងឺ ត្រូវចិត្ដទុកដាក់ខ្ពស់ ក្នុងថែទាំ ព្យាបាលអ្នកជំងឺ​ ដែលមកទទួលសេវាពីយើង ទោះក្នុងពេលវេលាណាក៏ដោយ ។

ការថ្លែងដូច្នេះរបស់លោរដ្ឋមន្ដ្រី ឈាង រ៉ា ក្នុងឱកាសចុះពិនិត្យលទ្ធផលការងារដែលសម្រេចបានជារូបរាង និងបន្ដសំណេះសំណាលជាមួយមន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក នៅខេត្តកណ្ដាល នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។

នៅចំពោះមុខនេះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានណែនាំដល់មន្ដ្រីនៅតាមមូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវពង្រឹងក្នុងការប្រចាំការនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ២៤ម៉ោង លើ២៤ម៉ោង នឹងត្រូវបង្កើនសមត្ថភាពជាបន្ដបន្ទាប់នូវចំណេះជំនាញ ដើម្បីដើរស្របតាមបច្ចេកវិទ្យាថ្មីៗ ជាពិសសសម្រាប់ប្រធានមន្ទីរពេទ្យ និងមណ្ឌលសុខភាពដែលបានចូលរៀនវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងនវានុវត្ដន៍ ដែលក្រសួងបានរៀបចំរៀងរាល់សប្ដាហ៍ សូមយកចំណេះដឹងនេះ ទៅបង្ហាត់បង្រៀនបន្ដដល់បុគ្គលិកក្រោមឱវាទបន្ថែមទៀត ដើម្បីឱ្យបុគ្គលិកយើងកា្លយជាអ្នកដឹកនាំ មានទំនួលខុសត្រូវលើការងាររបស់ខ្លួន កាន់តែច្បាស់ ឈានទៅបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋកាន់តែប្រសើរថែមទៀត។

គួសបញ្ជាក់ថា លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យសុខាភិបាល និងជាអ្នកដឹកនាំដ៏ឆ្នើម បានដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល ចាប់ពីប្រធានការិយាល័យទីស្តីការក្រសួងសុខាភិបាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធាន-អនុប្រធានអង្គភាពថ្នាក់កណ្តាល ព្រមទាំងប្រធានអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត សរុបចំនួន ជិត២ពាន់នាក់ ដែលរៀបចំឡើងតាមប្រព័ន្ធវីដេអូ រៀងរាល់រសៀលថ្ងៃអង្គារ៍ មានរយៈពេល៣ម៉ោង។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងអនុវត្តយុទ្ធសាស្រ្តគន្លឹះចំនួន ៩ចំនុច និងអាទិភាព ៣ រួមមាន ១)ការពង្រឹងមណ្ឌលសុខភាពលើហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ឱសថ សម្ភារៈបរិក្ខារ និងសមត្ថភាពបុគ្គលិក ២)ការពង្រឹងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ លើការសង្គ្រោះបន្ទាន់ ប្រពោធនកម្ម ផ្នែកវះកាត់ មន្ទីរពិសោធន៍ និងរូបភាពវេជ្ជសាស្ត្រ និង៣)ការពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំមន្ត្រីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រកំណែទម្រង់ និងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា៕

ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង១,២ម៉ឺននាក់ នៅខេត្តកំពង់ចាម

ចំនួនអ្នកទស្សនា: Views

 ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង១,២ម៉ឺននាក់ នៅខេត្តកំពង់ចាម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិតប្រមាណ ១២ ០៦០នាក់ នៅ បណ្តារោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

រោងចក្រ សហគ្រាសទាំង ១៤នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន៧ រោងចក្រដេរស្បែកជើង ចំនួន៥ រោងចក្របោះពុម្ពលើសម្លៀកបំពាក់ ចំនួន១ និងរោងចក្រតម្បាញ ចំនួន១។ នេះគឺជាលើកទី៦ ហើយ ដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេល រាជរដ្ឋាភិបាល អាណត្តិទី៧ ត្រូវបានបង្កើតឡើង កាលពីខែសីហា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករនិយោជិត៥លើករួចមកហើយ ដោយ លើកទី១ ធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ មានកម្មករ និយោជិតចូលរួមចំនួន ១៨,០១៣នាក់, លើកទី២ ធ្វើឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ និយោជិតចូលរួម ១៨,២៨៩នាក់, លើកទី៣ ធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានកម្មករ និយោជិតចូលរួម ១៨,២៦៥នាក់, លើកទី៤ ធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងស្រុកបាទី ខេត្តតាកែវ មានកម្មករ និយោជិតចូលរួម ១៨,១០៤នាក់ និងលើកទី៥ ធ្វើឡើង នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នៅក្នុងទឹកដីភូមិសាស្ត្រខណ្ឌដង្កោ និងមានជ័យ រាជធានីភ្នំពេញ ដោយមានកម្មករនិយោជិតចូលរួមចំនួន ១៨,០៩៩នាក់។

ក្នុងជំនួបកន្លងទៅ សម្តេចធិបតី បានបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលថ្មី ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលជាយុទ្ធសាស្ត្រផ្តោតការយកចិត្តទុកដាក់ខ្ពស់លើកំណើនការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ជាពិសេស ការងារអាទិភាព ៦ សម្រាប់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តឱ្យមានប្រសិទ្ធភាពក្នុងឆ្នាំ២០២៣នេះរួមមាន៖

១៖ ខិតខំសម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ ដោយឈរលើលក្ខណៈវិទ្យាសាស្ត្រ និងលក្ខណៈវិនិច្ឆ័យដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ឱ្យបានមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។ ការងារនេះ បានចេញលទ្ធផលរួចហើយ ដោយថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបោះឆ្នោតសម្រេចយកតួលេខ២០២ដុល្លារ ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបន្ថែមទឹកប្រាក់ ២ដុល្លារអាមេរិកទៀត ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតឆ្នាំ២០២៤ ឡើងដល់ ២០៤ដុល្លារក្នុងមួយខែ។ តាមរយៈការកើនឡើងប្រាក់ឈ្នួលនេះ នឹងធ្វើជួយធ្វើឱ្យជីវភាពរបស់កម្មករ និយោជិត ក្រុមគ្រួសារកាន់តែល្អប្រសើរ។

២៖ រៀបចំលិខិតបទដ្ឋានគតិយុត្តិជាបន្ទាន់ ដើម្បីត្រៀមដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ដើម្បីជួយសម្រាលបន្ទុក ចំណាយផ្នែកថែទាំសុខភាពរបស់កម្មករនិយោជិត និងក្រុមគ្រួសារឱ្យបានលឿន និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដលកម្មករនិយោជិត ព្រមទាំងបង្កើតយន្តការងាយស្រួលសម្រាប់កម្មករនិយោជិតអាចចូលរួមជាមួយនឹងកម្មវិធីនេះ។

៣៖ រៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥លាននាក់ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធអនុញ្ញាតឱ្យកម្មករនិយោជិតអាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព ការងារនៅកន្លែងការងារ ដោយត្រូវរៀបចំវគ្គបណ្តុះបណ្តាលនៅវេនពេលយប់ ឬចុងសប្ដាហ៍។

៤៖ ត្រូវជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងឱ្យបានពេញលេញស្របតាមច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលកម្មវិធីហាត់ការ កម្មសិក្សា កម្មវិធីបង្កើនជំនាញ និងការរៀបចំជំនាញឡើងវិញ ដោយលើកទឹកចិត្តវិស័យឯកជនចូលរួមអនុវត្តកាតព្វកិច្ចក្នុងការបណ្តុះបណ្តាលកម្មករ និយោជិត និងផ្ដល់ការបណ្តុះបណ្តាលបន្ថែមដល់កម្មករនិយោជិតដែលកំពុងធ្វើការ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ បង្កើនផលិតភាព និងលទ្ធភាពនៃការបង្កើនប្រាក់ឈ្នួល។

៥៖ យកចិត្តទុកដាក់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនឱ្យបានល្អ និងកាន់តែមានភាពងាយស្រួល។ ហើយក៏ត្រូវធានាផងដែរថា ស្ត្រីមានផ្ទៃពោះ និងជនមានពិការភាពបានចេញធ្វើការមុន ១៥នាទី។

៦៖ បង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងលើប្រធានបទ ភាពសុខដុមរមនានៅកន្លែងធ្វើការ ដើម្បីប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្ដមួយ ចាប់ពីឆ្នាំ២០២៤នេះតទៅ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំផែនការសកម្មភាពក្នុងរយៈពេលពីរឆ្នាំខាងមុខ ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យកចិត្តទុកដាក់អនុវត្តលើការងារអាទិភាពចំនួន៤ទៀតផងដែរ ដែលក្នុងនោះរួមមាន៖

១៖ សហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងភាគីពាក់ព័ន្ធនានា។

២៖ សហការជាមួយភាគីពាក់ព័ន្ធជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រ ដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករនិយោជិត និងតម្រូវឱ្យមានការរៀបចំកន្លែងហូបបាយ ឬអាហារដ្ឋានសម្រាប់រោងចក្រដែលត្រូវបង្កើតថ្មី។

៣៖ សហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរជាបណ្តើរៗនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និង ផាសុកភាពជាងមុនត្រឹមឆ្នាំ២០២៧។

៤៖ ជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់កម្មករនិយោជិត ទាំងក្នុង និងក្រៅប្រទេសអាចមានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និងកម្រិតជំនាញរបស់ខ្លួនផងដែរ។

ក្រោមការសម្របសម្រួល និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីចុងខែកញ្ញាកន្លងទៅនេះ ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិតក្នុងវិស័យ វាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ត្រូវបានប្រកាសដំឡើងថែមទៀត នៅឆ្នាំ២០២៤ ដែលមានចំនួនទាបបំផុត ២០៤ដុល្លារក្នុង១ខែ ពោលគឺកើនឡើង៤ដុល្លារ បើធៀបនឹងឆ្នាំ២០២៣ ទោះបីជា ពិភពលោក ប្រឈមនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងណាក៏ដោយ៕