September 2023 ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ដាក់ចេញទិសដៅអាទិភាព១៥ចំណុច លើការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនីតិកាលថ្មី

ចំនួនអ្នកទស្សនា: Views
ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ដាក់ចេញទិសដៅអាទិភាព១៥ចំណុច លើការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនីតិកាលថ្មី

(ភ្នំពេញ)៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទិសដៅអាទិភាពគោលនយោបាយ១៥ចំណុច របស់ក្រសួង សម្រាប់អាណត្តិទី៧ នៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់អំពីការបំពេញការងារក្នុងអាណត្តិទី៧នេះ គឺបន្តមរតកសមិទ្ធផលនៃ រដ្ឋបុរសរបស់កម្ពុជា ពិសេស ព្រះករុណា ព្រះបាទសម្តេច ព្រះបរមរតនកោដ្ឋ ដែលបានទាមទារឯករាជ្យជាតិ បន្តមកដំណាក់កាលដែលសម្តេចតេជោ ហ៊ុន សែន បានតស៊ូលះបង់គ្រប់បែបយ៉ាងដើម្បីរំដោះជាតិ និងអភិវឌ្ឍប្រទេសរហូតដល់ទទួលបាន ឯកភាពជាតិ និងសុខសន្តិភាពពេញលេញ ហើយ បានបន្តដំណើរមកដល់សហសម័យកម្ពុជា ដែលជាយុគសម័យទំនើប នៃការបន្តដំណើររីកចម្រើនទៅមុខ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងខិតខំបន្តអនុវត្តការងារសំខាន់ ៗសម្រាប់នីតិកាលទី៧ ដែលឆ្លើយតបទៅនឹងអាទិភាពដូចបានកំណត់ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដែលជាការអនុវត្តកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាងនិងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨។

ផ្អែកលើអាទិភាព នៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្តោលើទិសដៅ អាទិភាពគោលនយោបាយ១៥ចំណុច រួមមាន៖

១៖ ការងាររៀបចំគោលនយោបាយ ឱ្យកាន់តែមានភាពជាក់ស្តែង និងអនុវត្តឆ្ពោះទៅរកលទ្ធផល

២៖ ការងាររៀបចំក្របខ័ណ្ឌគតិយុត្ត ដោយពិនិត្យកែលម្អ បំពេញបន្ថែម និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តឱ្យបានកាន់តែពេញលេញស្របតាមបរិបទថ្មី និងមានភាពជាក់ស្ដែងនិយមមានសង្គតិភាព ពិសេស ការរៀបចំសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួនរួមមាន៖ ១៖ច្បាប់ភូមិបាល ដោយត្រូវរៀបចំឡើងវិញទាំងស្រុង, ២៖ច្បាប់ស្តីពីការរៀបចំដែនដី និងនគរូបនីយកម្ម ជាច្បាប់ថ្មី មិនធ្លាប់មាន, ៣៖ ច្បាប់ស្តីពីលំនៅឋាន ជាច្បាប់ថ្មីមិនធ្លាប់មាន

៣៖ ការកសាងស្ថាប័ន និងរដ្ឋបាលសាធារណៈទំនើប ដែលអនុញ្ញាតឲ្យប្រព័ន្ធការងារប្រចាំថ្ងៃ មានដំណើរការដោយស្វ័យប្រវត្តិ និងប្រសិទ្ធភាព

៤៖ ការលើកកម្ពស់សេវាសាធារណៈទំនើប និងការគ្រប់គ្រងទិន្នន័យ ដើម្បីផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត

៥៖ ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាជនឲ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី

៦៖ ការរៀបចំដែនដី ស្របតាមទិសការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យមានប្រសិទ្ធភាព និងចីរភាព ពិសេសស្របតាមរបៀងសេដ្ឋកិច្ច ដោយផ្អែកលើតំបន់អភិរក្ស តំបន់បេតិកភណ្ឌ តំបន់កសិកម្ម តំបន់ឧស្សាហកម្ម លំនៅឋាន តំបន់ដីសាធារណៈសម្រាប់ចម្រុងទុក ដីសម្រាប់សួនសាធារណៈ តំបន់បៃតង។ល។

៧៖ ការអភិវឌ្ឍនគរូបនីយកម្ម តាមរយៈការរៀបចុះផែនការអភិវឌ្ឍទីក្រុងទីប្រជុំជន នៅថ្នាក់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅទូទាំងរាជធានី-ខេត្ត ឲ្យបានចប់សព្វគ្រប់ស្របទៅតាមទស្សនាទានទីក្រុងស្អាត ទីក្រុងឆ្លាត និងទីក្រុងគួរឲ្យចង់រស់នៅ

៨៖ ស្ថាបត្យកម្មខ្មែរសហសម័យ ដោយជំរុញការសាងសង់ដោយយករចនាបថខ្មែរមកប្រើប្រាស់ឲ្យបានច្រើន រចនាបថខ្មែរទំនើប សហសម័យ និងចលនាឲ្យកាន់តែផុសផុលក្នុងការលើកតម្កើងរចនាបថស្ថាបត្យកម្មខ្មែរព្រមទាំងង្រឹងគុណភាពនិងសុវត្ថិភាពសំណង់

៩៖ ការងារលំនៅឋាន ដោយរៀបចំលំនៅឋានសមរម្យគួរឲ្យរស់នៅ និងមានបរិស្ថានល្អប្រកបដោយសុខដុម តាមរយៈ ការរៀបចំគម្រូផ្ទះសម្រាប់យកជាមូលដ្ឋាន ព្រមទាំងរៀបចំគម្រូបុរីជនបទ ការកែលម្អលំនៅឋាន ភូមិចាស់ និងគម្រូលំនៅឋានសម្រាប់ទីតាំងថ្មីៗ

១០៖ ការងារអធិការកិច្ច និងសវនកម្មផ្ទៃក្នុង ដើម្បីសម្រេចគោលបំណងនៃការកសាង រដ្ឋបាលសាធារណៈ ទំនើប ការតម្រង់ទិសការងារឲ្យកាន់តែសមស្របតាមមុខងារសាធារណៈ ការបង្កើនប្រសិទ្ធការងារ ពិសេស ការពង្រឹងគុណភាពសេវា និងការបង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទដីធ្លី ឲ្យបានលឿនហើយដាច់ ស្រេចដើម្បីឈានដល់ចុះបញ្ជីបានលឿន

១១៖ ការងារលំនៅឋានសម្បទានដីសង្គមកិច្ច តាមរយៈការអភិវឌ្ឍលំនៅឋានដីសង្គមកិច្ច ប្រកបដោយចីរភាព ពិសេសផលិតកម្មកសិកម្ម ប្រព័ន្ធ គាំពារសង្គមកិច្ច សេវាអប់រំនិងសុខាភិបាល ព្រមទាំងសេវាសង្គមកិច្ចនានា ដែលអាចទ្រទ្រង់ការ អភិវឌ្ឍសហគមន៍ ពិសេសនិរន្តរភាពជីវភាព និងសេដ្ឋកិច្ចគ្រួសារ

១២៖ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងស្មារតីដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជន

១៣៖ កាអភិវឌ្ឍធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពបន្ថែមទៀតលើជំនាញបច្ចេកទេស ក៏ដូចជា ការងារ ដឹកនាំ គ្រប់គ្រង សម្រាប់ចូលរួមកាន់តែសកម្មលើការងាររដ្ឋបាលទំនើប និងពង្រឹងសមត្ថភាពស្ថាប័ន

១៤៖ ការលើកម្ពស់ការយល់ដឹង ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីលើកកិត្យានុភាព កម្ពុជាបន្ថែមទៀតលើឆាកអន្តរជាតិដែលអនុញ្ញាតឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិកាន់តែមានជំនឿទុកចិត្តលើកម្ពុជា ព្រមទាំងផ្តល់ព័ត៌មាន ចំណេះដឹងកាន់តែទូលំទូលាយ បន្ថែមទៀតដល់សាធារណៈជន

១៥៖ កិច្ចការសន្តិសុខនយោបាយ និងកិច្ចការសន្តិសុខសេដ្ឋកិច្ច តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ គ្រប់ដៃគូអភិវឌ្ឍន៍ និងប្រទេសដៃគូក្នុងអាស៊ានដើម្បីរក្សាជំហរពហុភាគីនិយម និងតុល្យភាពនយោបាយផ្ទៃក្នុង និងនយោបាយការបរទេស ព្រមទាំងខិតខំដោះស្រាយបញ្ហានានាដែលអាចជះឥទ្ធិពលដល់ស្ថេរភាព នយោបាយ។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសម្តែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ទាំងនៅក្រសួង និងនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី តាមរាជធានី/ខេត្ត ដែលបំពេញការងារប្រកបដោយឆន្ទៈខ្ពស់ និងទទួលបានលទ្ធផលល្អ ហើយក៏បានលើកចិត្តឲ្យបន្តខិតតំបំពេញកិច្ចការឲ្យកាន់តែមានប្រសិទ្ធភាពដើម្បីបម្រើសេវា និងឧត្តមប្រយោជន៍ដល់ប្រជាជនទូទាំងប្រទេស ។

រដ្ឋមន្ត្រី នេត្រ ភក្ដ្រា ក្រើនរំលឹកអ្នកសារព័ត៌មាន ខិតខំបង្កើនសមត្ថភាពដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងទំនុកចិត្តពីសាធារណៈជន

ចំនួនអ្នកទស្សនា: Views

   រដ្ឋមន្ត្រី នេត្រ ភក្ដ្រា ក្រើនរំលឹកអ្នកសារព័ត៌មាន ខិតខំបង្កើនសមត្ថភាពដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងទំនុកចិត្តពីសាធារណៈជន
(ព្រះសីហនុ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញចូលរួមជាអធិបតីភាព កម្មវិធីដំណើរទស្សនកិច្ចវគ្គបញ្ចប់របស់អ្នកសារព័ត៌មាន នៃបណ្តាប្រទេសមេគង្គ-ឡានឆាង ក្រោមប្រធានបទ «ទន្លេរួម និងអនាគតរួម» ដែលរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅខេត្តព្រះសីហនុ។

លោក នេត្រ ភត្រា ក្នុងឱកាសនោះ បានថ្លែងថា មេគង្គឡានឆានមានប្រទេសចំនួន៦ ដែលផឹកទឹកទន្លេរួមគ្នា។ ក្រៅពីនេះក៏មានប្រទេសមួយចំនួនទៀត ជាដៃគូសហការក្នុងគោលបំណងការពារថែរក្សាទឹកទន្លេមេគង្គដែលយើងប្រើរួមគ្នានេះ។ លោកស្នើប្រទេសទាំងនេះ បន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងផ្លាស់ប្តូរទស្សនៈ យោបល់ និងការចែករំលែកព័ត៌មានពិតប្រឆាំងព័ត៌មានមិនពិត ដើម្បីចៀសវាងអរិភាព។

ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី បានក្រើនរំលឹកអ្នកសារព័ត៌មាន ឲ្យខិតខំពង្រឹងសមត្ថភាពដើម្បីធានាបាននូវប្រសិទ្ធភាពការងារ ពោលអ្នកសារព័ត៌មានត្រូវតែមានសមត្ថភាព ហ៊ានរាយការណ៍ព័ត៌មានពិត និងផលិតព័ត៌មានឲ្យសំបូរបែបប្រកបមានគុណភាព ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ លោកចាត់ទុកថា ព័ត៌មានក្លែងក្លាយ គឺជាបញ្ហាសកល ដែលត្រូវដោះស្រាយរួមគ្នា។

លោកបន្ដទៀតថា ចំពោះមុខនេះក្រសួងព័ត៌មាន បានដាក់ចេញបេសកកម្មអាទិភាពបី៖ ១៖ បញ្ហាសន្តិសុខព័ត៌មាន, ២៖ ការផ្តល់ពត៌មានដែលមានគុណភាព និង៣៖ ព័ត៌មានដែលមានសុវត្ថិភាព និងទុកចិត្តបាន។

ទន្ទឹមនេះឆ្លើយតបចំពោះស្ថានភាពអ្នកសារព័ត៌មានសព្វថ្ងៃ លោករដ្ឋមន្ត្រី បានផ្តល់ទជាស្សនទាន៣យ៉ាង រួមមាន៖ ទាំងអស់គ្នាត្រូវស្ថិតក្រោមដំបូលច្បាប់, ប្រមូលគំនិតជាធាតុចូលដើម្បីចងក្រងជាក្រមសីលធម៌វិជ្ជាជីវៈ ដែលជាបិធានរួមសម្រាប់អនុវត្ត និងអ្នកល្មើសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

លោកក៏បានផ្តាំផ្ញើអ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវឥរយាបថ អកប្បកិរិយា និងចរិតថ្លៃថ្នូរ ត្រូវធ្វើខ្លួនឲ្យបានសក្តិសមជាបុគ្គលគួរជាទីគោរព និងផ្តល់តម្លៃពីមជ្ឈដ្ឋានជុំវិញ ហើយត្រូវដើរតួអ្នកផ្តល់ព័ត៌មានពិតពីពលរដ្ឋ ទៅរាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាល ទៅកាន់ប្រជាជនវិញ៕

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ៥០នាក់ នៅវិទ្យាល័យកំរៀង

ចំនួនអ្នកទស្សនា: Views

 សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ៥០នាក់ នៅវិទ្យាល័យកំរៀង

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបន្តអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជាចំនួន ៥០នាក់ ស្រី៣០នាក់ ក្នុងវិទ្យាល័យកំរៀង ពិធីនេះប្រារព្ធធ្វើនៅសាលប្រជុំសាលស្រុកកំរៀង។

លោក សុខ លូ បានកោតសរសើរលោកនាយកសាលា និងលោកគ្រូអ្នកគ្រូទីប្រឹក្សាយុវជន ព្រមទាំងក្មួយៗ យុវជនកាកបាទក្រហមកម្ពុជា ដែលបានស្ម័គ្រចិត្តចូលរួមបំពេញការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា និងចូលរួមអប់រំ ផ្សព្វផ្សាយបណ្ដុះស្មារតីនៃវប្បធម៌ចែករំលែកក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍ ព្រមទាំងព្យាយាមពង្រឹង និងពង្រីកសមត្ថភាពយុវជន និងបណ្ដាញយុវជនកាន់តែច្រើនជាបន្ដបន្ទាប់ថែមទៀត។

លោកបានបញ្ជាប់ថា ការបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា នាឱកាសនេះគឺជាចំណែកថ្មីមួយទៀតក្នុងការពង្រឹង និងពង្រីកបណ្ដាញយុវជនដើម្បីលើកកម្ពស់​គោលការណ៍គ្រឹះទាំង៧ និងគុណតម្លៃមនុស្សធម៌របស់ ចលនាអន្ដរជាតិ ស្របតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ដ្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។

លោក សុខ លូ ក៏បានបង្ហាញក្តីសង្ឃឹមថា យុវជនកាកបាទក្រហមកម្ពុជា ទាំងអស់នឹងបន្ដចែករំលែកនូវចំណេះថ្មីៗដែលខ្លួនមានជូនដល់សិស្សផ្សេងទៀតបានដឹង និងយល់កាន់តែច្បាស់​ពីកាកបាទក្រហមកម្ពុជាជាពិសេសបន្ដគាំទ្រ សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបស្របតាមតម្រូវការជាក់ស្ដែងរបស់ជនរងគ្រោះ និងជនងាយរងគ្រោះក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍របស់ខ្លួនស្របតាមស្ថានភាពរីកចម្រើន របស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជនកាកបាទក្រហមកម្ពុជា ពីក្នុងចំណោម សិស្សនៅក្នុងគ្រឹះស្ថានសិក្សា ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌ដូចភ្លៀងរលឹម សូមយកចិត្តទុកដាក់ចំពោះសិស្សនិងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាត ហើយកំពុងសិក្សានៅក្នុងគ្រឹះស្ថានសិក្សាជាមុននិងសិស្ស និស្សិត កុមារកំព្រា ចាស់ជរា នៅតាមសហគមន៍របស់ខ្លួន។

ជាមួយគ្នានេះ សាខាខេត្តបានផ្តល់ជូននូនឯកសណ្ឋាន(អាវ មួក កន្សែង) ដល់យុវជន សរុបចំនួន ៥០នាក់ និងលោកគ្រូ អ្នកគ្រូទីប្រឹក្សាសាលាគោលដៅ ទទួលបានសៀវភៅកូលាបក្រហមដងទន្លេមេគង្គ និងឯកសារមួយចំនួនផងដែរ ។

គួរបញ្ជាក់ផងដែរ សមាជិកក្លឹបយុវជនកាកបាទក្រហមកម្ពុជា ទទួលបានវគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានស្តីពី ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ និងច្បាប់មនុស្សធម៌អន្តរជាតិមូលដ្ឋានគ្រឹះ នៃវិជ្ជាសង្គ្រោះបឋម ការងារគ្រប់គ្រងក្លឹបយុវជន គោលនយោ បាយយុវជនកាកបាទក្រហមកម្ពុជា និងស្ថានភាពទូទៅនៃគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាកាលពីថ្ងៃទី២៧ ខែកញ្ញា​ ឆ្នាំ២០២៣កន្លងផងដែរ៕