(ភំ្នពេញ)៖
នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក
ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម
បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបជាមួយលោក មីកាមិ ម៉ាសាហ៉ីរ៉ុ
ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលនឹងត្រូវបញ្ចប់អណត្តិ
ជាមួយនឹងគណៈប្រតិភូជប៉ុន ដើម្បីសំដែងការគួរសម និងជម្រាបលា
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ក្នុងជំនួបនេះលោករដ្ឋមន្ត្រី
បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោកឯកអគ្គរដ្ឋទូតជប៉ុន
និងគណៈប្រតិភូ និងបានអបអរសាទរលោកឯកអគ្គរដ្ឋទូត
ដែលបានបំពេញបេសកកម្មដ៏ជោគជ័យជាប្រវត្តិសាស្រ្តនៅកម្ពុជា។
លោករដ្ឋមន្ត្រី
ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ
ចំពោះលោកឯកអគ្គរាជទូត នូវសមិទ្ធិផលនានា
ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ
និងធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែមានភាពស្អិតរមួត
និងកាន់តែរីកចម្រើនបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី
ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន
សម្រាប់ការបរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួនប្រមាណ ១.៣លានដូស
តាមរយៈយន្ដការ COVAX ក៏ដូចជាការផ្តល់ជំនួយហិរញ្ញប្បទាន
និងបច្ចេកទេសក្នុងការគាំទ្រ ដល់គម្រោងអភិវឌ្ឍន៍នានា
ដើម្បីជួយស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ១៩។
ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់
លោករដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រ
ចំពោះគំនិតផ្ដួចផ្ដើមទាំងឡាយរបស់ភាគីជប៉ុន
ដើម្បីជំរុញគាំទ្រដល់ការលើកកម្ពស់ភាពធនរឹងមាំរបស់ច្រវ៉ាក់ផ្គត់ផ្គង់តំបន់
និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចិរភាព និងបរិយាបន្ន។ ក្នុងនោះដែរ
លោករដ្ឋមន្ត្រីក៏បានជំរុញ និងលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែម
ពីសំណាក់វិនិយោគិន និងធុរជនជប៉ុនមកកាន់តំបន់អាស៊ាន
ជាពិសេសមកកាន់កម្ពុជាផ្ទាល់តែម្ដង។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា
នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយនឹង ឯកអគ្គរដ្ឋទូតថ្មីរបស់ជប៉ុន
ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគី
ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ផ្អែកលើការជឿទុកចិត្តដ៏រឹងមាំ
រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ទៅកាន់ដំណាក់កាលថ្មីមួយទៀត
និងឆ្ពោះទៅខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី១០
នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងជប៉ុននៅឆ្នាំ២០២៣។
លោកឯកអគ្គរដ្ឋទូត
បានកោតសរសើរនូវការទទួលបានជោគជ័យដ៏ត្រចះត្រចង់
ក្នុងការដឹកនាំធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២
ជាពិសេសបានកោតសរសើរចំពោះលោករដ្ឋមន្ត្រីផ្ទាល់
ដែលបានទទួលជោគជ័យក្នុងការធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន
និងកិច្ចប្រជុំពាក់ព័ន្ធ ដែលទទួលបានលទ្ធផលគួរជាទីមោទនៈ។
ជាមួយគ្នានេះ
លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ផងដែរនូវកិច្ច
សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរ នឹងបានជឿជាក់យ៉ាង
មុតមាំថា កិត្តិនាមរបស់កម្ពុជានឹងកាន់តែត្រូវបានទទួលស្គាល់ក្នុងតំបន់
និងសាកលលោក បន្ទាប់ពីការទទួលបានភាពជោគជ័យ
ក្នុងការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះ។
ក្នុងជំនួបនេះ
ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្ត
ក្នុងការបង្កើនទំនាក់ទំនងដ៏យូរអង្វែង និងការពង្រឹងបន្ថែមទៀត
នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សំដៅពង្រឹង
និងជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ
ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕