ថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ២៨ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅសណា្ឋគារសុខាភ្នំពេញ សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ការជួបជុំដោយផ្ទាល់នៃក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ពិតជាមានសារសំខាន់ ក្នុងការវាយតម្លៃវឌ្ឍនភាព កំណត់បញ្ហាប្រឈម កាលានុវត្តភាព និងកិច្ចការពាក់ព័ន្ធនានា ដើម្បីស្ដារ និងពន្លឿនកិច្ចសហការអភិវឌ្ឍសង្គម-វប្បធម៌អាស៊ានក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។ សម្ដេចតេជោបានបញ្ជាក់ថា ជាការពិតអាស៊ាន គឺជាសហគមន៍ពហុវប្បធម៌ ដែលតម្រូវឱ្យយើងត្រូវខិតខំរួបរួមគ្នាក្នុងភាពចម្រុះ សំដៅសម្រេចបាននូវការយល់ដឹងឱ្យកាន់តែទូលំទូលាយជាងមុន ក្នុងចំណោមប្រជាពលរដ្ឋរបស់យើង ជាពិសេស យុវជនអាស៊ាន ដើម្បីលើកកម្ពស់ភាពធន់ និង ការយោគយល់គ្នាទៅវិញទៅមក ស្របតាមស្មារតីស្នូលរបស់អាស៊ាន «ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ»។ សម្ដេចតេជោគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលដៅនេះ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជា បានកំណត់មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ ដោយមានការខិតខំប្រឹងប្រែងធ្វើការរួមគ្នាក្នុងការអនុវត្ត ផែនការមេ ២០២៥ នៃក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន សម្ដេចពិតជាមានមោទកភាពចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលសម្រេចបាន ក្នុងនោះ រួមមាន ការលើកកម្ពស់កិច្ចគាំពារសង្គមសម្រាប់ពលករចំណាកស្រុក សុវត្ថិភាព និងសុខុមាលភាពសង្គម ការលើកកម្ពស់សហគ្រិនភាពស្ត្រី ឧស្សាហកម្មច្នៃប្រឌិត និងវប្បធម៌ ។ល។ សមិទ្ធផលទាំងនេះ កើតចេញពីការប្រកាន់ខ្ជាប់នូវស្មារតីលើកកម្ពស់ ពហុភាគីនិយម ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា ការឯកភាពគ្នា ការលើកកម្ពស់កិច្ចសន្ទនា ការយោគយល់គ្នាទៅវិញទៅមក និងការអនុវត្តគោលការណ៍ «សាមគ្គីភាពក្នុងភាពចម្រុះ»។ ទន្ទឹមនេះដែរ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា, ការទទួលបាន ជោគជ័យលើការគ្រប់គ្រងលើការរីករាតត្បាតនៃជំងឺកូវីដ-១៩ បានផ្តល់ឱកាសឱ្យយើង អាចចាប់ផ្ដើមឡើងវិញនូវដំណើរការសេដ្ឋកិច្ច និងសង្គមពេញលេញ ព្រមទាំងជំរុញការអនុវត្តយុទ្ធសាស្ត្រនានា សម្រាប់ការស្ដារសេដ្ឋកិច្ច និងសង្គមឡើងវិញ។សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា ឈរលើមូលដ្ឋាននេះ កិច្ចសហការក្នុងក្របខណ្ឌសហគមន៍សង្គម-វប្បធម៌អាស៊ាន មានតួនាទីកាន់តែសំខាន់ នៅក្នុងការលើកកម្ពស់ស្មារតី និងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីបន្តការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការពង្រឹងសន្តិសុខ និងស្ថិរភាពនយោបាយក្នុងតំបន់ ព្រមទាំងការពង្រឹងសាមគ្គីភាពអាស៊ាន តាមរយៈការផ្ដោតជាសំខាន់លើអាទិភាព ចំនួន ៤ គឺ៖ (១).ពង្រឹងគុណតម្លៃការយល់ដឹង និង អត្តសញ្ញាណអាស៊ាន (២).លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និង ការផ្ដល់អំណាចទៅឱ្យស្ដី្រ (៣).ពង្រឹងសុខភាព សុខុមាលភាព និង ការគាំពារសង្គម និង (៤).ពង្រឹងសមត្ថភាព និង ប្រសិទ្ធភាពស្ថាប័នរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានបន្ថែមទៀតថា វិបត្តិជំងឺកូវីដ-១៩បានបន្ទុច់បង្អាក់នូវដំណើរការអភិវឌ្ឍជារួម និង នបន្សល់ទុកជាស្លាកស្នាម ទាំងក្នុងវិស័យសេដ្ឋកិច្ចនិងសង្គម។ ជាងនេះទៅទៀត យើងបាននិងកំពុងបន្តជួបប្រទះនូវបញ្ហាប្រឈមតំបន់ និងសកល ដែលកាន់តែមានភាពមិនប្រាកដប្រជាខ្ពស់ និងស្មុគស្មាញទៅៗ ហើយកំពុងបង្កើតនូវបច្ច័យអវិជ្ជមាន និងបញ្ហាបន្ថែមទៀត ដោយផ្ទាល់ និងដោយប្រយោលដល់ការអភិវឌ្ឍ ជាពិសេស សង្គម វប្បធម៌ សន្តិសុខ និង សុខុមាលភាពរបស់ប្រជាជននៅក្នុងតំបន់អាស៊ាន។ ដើម្បីស្ដារកិច្ចអភិវឌ្ឍន៍សង្កម-សេដ្ឋកិច្ចតំបន់យើង ប្រកបដោយភាពធន់និងចីរភាព អាស៊ានចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការយកចិត្តទុកដាក់លើការគាំពារ និងអភិវឌ្ឍន៍មូលធនមនុស្ស តាមរយៈ (១). ការធ្វើឌីជីថលូបនីយកម្ម ដោយផ្តល់អាទិភាពដល់ការជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថលឱ្យបានទូលំទូលាយ (២).ការអភិវឌ្ឍប្រព័ន្ធសុខភាពសាធារណៈ និងប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមខ្លួនក្នុងការឆ្លើយតបទៅនឹងវិបត្តិនានា និង(៣). ការពង្រឹងវិស័យអប់រំ និង ការអភិវឌ្ឍជំនាញ៕
0 Comments:
Post a Comment