ក្រុមហ៊ុនមិត្តហ្វូន និងក្រុមហ៊ុន Mineski Global កាលពីថ្ងៃទី១២ ខែសីហា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការអភិវឌ្ឍកីឡាអេឡិចត្រូនិកនៅកម្ពុជា ដែលជាកិច្ចសហការលើកដំបូង និងធំបំផុតដែលមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក Phung Van Cuong អគ្គនាយកក្រុមហ៊ុន មិត្តហ្វូន និងលោក Ronald Robins ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Mineski Global ដែលជាក្រុមហ៊ុនមានឯកទេសនៅក្នុងប្រតិបត្តិការ និងការរៀបចំព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកលេខ១ នៅតំបន់អាស៊ីអាគ្នេយ៍។ ការចុះ MoU នេះ មិនត្រឹមតែជាការអភិវឌ្ឍដ៏សំខាន់មួយក្នុងវិស័យធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែvaក៏ជាការអភិវឌ្ឍ វិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជាផងដែរ ជាមួយនឹងការពង្រឹងជំនាញវិជ្ជាជីវៈបន្តិចម្តងៗនៃឧស្សាហកម្មមួយនេះ នៅកម្ពុជា។
ទន្ទឹមនឹងទិសដៅយុទ្ធសាស្ត្រនៃការអភិវឌ្ឍនិងវិធីសាស្រ្តសម្រាប់អតិថិជនវ័យក្មេង ការពង្រឹងកិច្ចសហប្រតិបត្តិការនេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់យុទ្ធសាស្ត្រឱ្យកាន់តែមានប្រសិទ្ធភាព។ «មិត្តហ្វូន ផ្តល់សេវាបច្ចេកវិទ្យាទូរគមនាគមន៍-ឌីជីថលជាច្រើនប្រភេទ ដើម្បីលើកកម្ពស់ជីវិតឌីជីថលសម្រាប់សង្គមកម្ពុជា ហើយកីឡាអេឡិចត្រូនិក គឺជាផលិតផលមួយក្នុងចំណោមផលិតផលសំខាន់ៗនៅក្នុងប្រព័ន្ធឌីជីថល ដែលមិត្តហ្វូនកំពុងផ្តោតនាពេលបច្ចុប្បន្ននេះ»។ លោក Phung Van Cuong មានប្រសាសន៍បន្ថែមថា៖«ក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មទូរគមនាគមន៍ ក្រុមហ៊ុនមិត្តហ្វូន ដូចដែលបានបង្ហាញតាមរយៈការចុះ MoU នេះ គឺកំពុងខិតខំប្រឹងប្រែងរួមគ្នាដើម្បីអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកប្រកបដោយវិជ្ជាជីវៈ និងកាន់តែទូលំទូលាយ»។
នៅក្នុងឆ្នាំ២០១៧ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានទទួលស្គាល់កីឡាអេឡិចត្រូនិក ហើយបានសម្រេចថាកីឡាវីដេអូហ្គេមនេះ អាចត្រូវបានចាត់ទុកថាជាសកម្មភាពកីឡា ខណៈពេលដែលអ្នកលេងត្រូវហ្វឹកហាត់ និងរៀបចំឱ្យបានក្លាំងក្លាដូចប្រភេទកីឡាទូទៅដទៃទៀតដែរ។ ខណៈកម្ពុជានឹងធ្វើជាម្ទាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមឆ្នាំ២០២៣ នាពេលខាងមុខ កីឡាអេឡិចត្រូនិកនឹងក្លាយជាកីឡាផ្លូវការ ដូចវិញ្ញាសាកីឡាទូទៅដទៃទៀត។ លោក Phung Van Cuong ថ្លែងថា នេះឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់កីឡាអេឡិចត្រូនិក ដែលជា«បាតុភូតវប្បធម៌សកល»។ «កាលពីពេលថ្មីៗនេះ កីឡាអេឡិចត្រូនិក បានក្លាយជាកីឡាផ្លូវការនៅក្នុងកីឡាស៊ីហ្គេម និងបានឆ្លុះបញ្ចាំងពីរបៀបដែលកីឡានេះបានក្លាយជាបាតុភូតវប្បធម៌សកល ដែលត្រូវបានយកមកប្រកួតជាមួយនឹងកីឡាដែលមានជាយូរមកហើយ នៅក្នុងព្រឹត្តិការណ៍សំខាន់ៗនានា។ លោកបន្តថា៖«ជារៀងរាល់ឆ្នាំ ការប្រកួតរគិតទាំងទ្រង់ទ្រាយធំនិងតូច ត្រូវបានគេប្រារព្ធធ្វើឡើងនៅទូទាំងពិភពលោក ដែលទាក់ទាញអ្នកទស្សនារាប់សិបលាននាក់ក្នុង
មួយឆ្នាំៗ»។ មិត្តហ្វូនមានអ្នកលេងហ្គេម Mobile Legends: Bang Bang រាប់លាននាក់ ដែលមានចំណែកទីផ្សាររហូតដល់ ៩០ភាគរយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងអ្នកលេងប្រចាំថ្ងៃរាប់រយពាន់នាក់នៅលើបណ្តាញមិត្តហ្វូន។ ក្រុមហ៊ុនមិត្តហ្វូនក៏ជាអ្នកឧបត្ថម្ភកម្មវិធីប្រកួតកីឡាអេឡិចត្រូនិក MPL របស់ក្រុមហ៊ុន Moonton ដែលទទួលបានការចាប់អារម្មណ៍និងទស្សនាច្រើនជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា។ «ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនមិត្តហ្វូន និងក្រុមហ៊ុន Mineski Global គឺត្រូវបានសង្ឃឹមយ៉ាងមុតមាំថានឹងក្លាយជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់ជំនាញវិជ្ជាជីវៈក្នុងវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា ដោយនាំមកនូវបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍ និងជាវិជ្ជមានដល់អ្នកប្រើប្រាស់»។ លោក Phung Van Cuong មានប្រសាសន៍ថា៖«ការដែលមានក្រុមហ៊ន Mineski ជាដៃគូ វានឹងជួយមិត្តហ្វូនឱ្យក្លាយជាជម្រើសទី១ យ៉ាងឆាប់រហ័ស សម្រាប់បទពិសោធន៍កីឡាអេឡិចត្រូនិក នៅលើទូរស័ព្ទចល័តក្នុងប្រទេសកម្ពុជា»៕
0 Comments:
Post a Comment