June 2023 ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសអនុវត្តន៍កម្មវិធីនយោបាយ ឱ្យបានជោគជ័យ បើគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ: ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវ «កម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨» ហើយ សន្យាជាឱឡារិកថា បើគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នឹងអនុវត្តន៍កម្មវិធីយោបបាយនេះឱ្យទទួលបានជោគជ័យ។

ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ និងរម្លឹកខួបលើកទី ៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៣ នៅខាងមុខសាលមហោស្រពកោះពេជ្រ ដែលមានអ្នកចូលរួមប្រមាណជាង ៧ម៉ឺននាក់នោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា សូមប្រកាស និងសុំការគាំទ្រពីជនរួមជាតិនូវ «កម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨» ដើម្បីធានាការការពារសន្តិភាព និងនិរន្តរជាតិលើមាគ៌ានៃការអភិវឌ្ឍ និងការលើកស្ទួយជីវភាពប្រជាជនឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ សម្តេចតេជោលើកឡើងថា លើមូលដ្ឋានកម្មវិធីនយោបាយនេះ គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវគោលជំហរជាយុទ្ធសាស្ត្រ រួមមាន ១-ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ តាមប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស បែបសភានិយមឱ្យស្ថិតស្ថេរជានិរន្តន៍ព្រមទាំងពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ឱ្យចាក់គ្រឹះរឹងមាំក្នុងសង្គមជាតិ ដោយដើរទន្ទឹមនឹងការពង្រឹងនីតិរដ្ឋ រួមជាមួយនឹងការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស។

២-ពង្រឹងឯកភាពជាតិ និងប្ដេជ្ញាទប់ស្កាត់ និងកម្ចាត់គ្រប់ទម្រង់នៃនយោបាយ និងសកម្មភាពជ្រុលនិយម បង្កឡើងដោយបុគ្គល ឬក្រុមបុគ្គល ឬអង្គការចាត់តាំងនយោបាយណាមួយ ឬមជ្ឈដ្ឋានអមិត្តណាមួយដែលព្យាយាមញុះញង់បង្កការបែកបាក់ជាតិ បង្កើតភាពវឹកវរសង្គម បំផ្លាញសុខសន្តិភាព បង្កអស្ថិរភាពនយោបាយនៅកម្ពុជាតាមបែបឧទ្ទាម ដែលផ្ទុយទាំងស្រុងពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងរំលោភបំពានលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

៣-បន្តជ្រោងទង់មហាសាមគ្គីជាតិនៅក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សំដៅបង្រួបបង្រួមប្រមូលកម្លាំងប្រជាជាតិខ្មែរទាំងមូលដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ វ័យ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀត ដើម្បីថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងរាល់សមិទ្ធផលសង្គមជាតិ ព្រមទាំងរួមសាមគ្គីគ្នាបន្តកសាង និងការពារមាតុភូមិឆ្ពោះទៅរកអនាគតដ៏រុងរឿង។

៤-បន្តអនុវត្តន៍នយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ ការពារអធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅគ្រប់រូបភាព កសាងមិត្តភាព និងកិច្ចសហ-ប្រតិបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជាជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មចំពោះ បុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ សហប្រតិបត្តិការ និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។

សម្ដេចតេជោគូសបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា បានអនុម័តការគាំទ្រខ្ញុំព្រះករុណា ខ្ញុំ ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ អនុវត្តន៍សេចក្ដីសម្រេចនេះ ខ្ញុំព្រះករុណា ខ្ញុំ សូមសន្យាជាឱឡារិកថា បើគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ខ្ញុំព្រះករុណា ខ្ញុំ នឹងឈរយ៉ាងរឹងមាំលើគោលជំហរជាយុទ្ធសាស្ត្រខាងលើនេះ និងដឹកនាំអនុវត្តន៍ឱ្យបានសម្រេចជោគជ័យនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា»៕ ដោយ៖ ជឹម ណារី សម្រួលផ្សាយដោយ៖ dara

នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញសម្ពោធអគារសិក្សា១ខ្នង ៦បន្ទប់ នៅវិទ្យាល័យ ហ៊ុន សែន ស្វាយអន្ទរ ខេត្តព្រៃវែង

ចំនួនអ្នកទស្សនា: Views

(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកញ្ច្រៀច និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពសម្ពោធអគារសិក្សា១ខ្នង ៦បន្ទប់ និងបន្ទប់ទឹកចំនួន៤ ក្នុងវិទ្យាល័យ ហ៊ុន សែន ស្វាយអន្ទរ ដែលមានទីតាំងស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ជាកិច្ចចាប់ផ្ដើមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដោយក្ដីនឹករលឹក និងយកចិត្តទុកដាក់ជាទីបំផុត ជូនដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា។

នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានលើកឡើងអំពីភាពជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពិសេសការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលទើបបញ្ចប់ទៅនាពេលកន្លងទៅថ្មីៗនេះ ប្រកបដោយមោទនភាពជាតិ ក្រោមដំបូលនៃសុខសន្ដិភាព និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា គ្រឹះស្ថានសិក្សាដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ជាថ្នាលនៃប្រភពធនធានមនុស្សយ៉ាងសំខាន់ ដែល ត្រូវការជាចាំបាច់បំផុត សម្រាប់កសាងការអភិវឌ្ឍប្រទេសជាតិ ទន្ទឹមនឹងវិស័យផ្សេងៗទៀត ដូចជាហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ដែលសុទ្ធតែជាផ្នែកសំខាន់ និងចាំបាច់ ដើម្បីឲ្យប្រទេសជាតិយើងមានការរីកចម្រើនខ្ពស់ទៅមុខ និងឈានទៅក្នុងការប្រកួតប្រជែង ជាមួយប្រទេសដែលអភិវឌ្ឍន៍ ក្នុងឆាកអន្តរជាតិ។

នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានលើកឡើងអំពីការចូលរួមចំណែកដ៏សំខាន់របស់លោកគ្រូ អ្នកគ្រូ ដោយលោកបានធ្វើការប្រៀបធៀបលោកគ្រូ អ្នកគ្រូ គឺជាបេះដូងនៃការស្ដារ អភិវឌ្ឍន៍ និងជាឆ្អឹងខ្នងនៃវិស័យអប់រំ។ នាយឧត្តមសេនីយ៍ បន្ដថា លោកគ្រូ អ្នកគ្រូ បានខិតខំបណ្ដុះបណ្ដាល និងបង្កើតនូវធនធានមនុស្សប្រកបដោយក្រមសីលធម៌ ព្រមទាំងអប់រំកុមារ យុវជនឲ្យមានវិន័យ សីលធម៌ក្នុងសង្គម ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏មានសក្ដានុពល។

ជាមួយគ្នានេះ ក្នុងនាមអគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានក្រើនរំលឹក និងណែនាំដល់អាណាព្យាបាល ត្រូវសហការគ្នាឲ្យបានល្អជាមួយ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ ដោយអប់រំការពន្យល់ណែនាំដល់សិស្សានុសិស្ស អំពីផលប៉ះពាល់ដោយសារគ្រឿងញៀន យល់ដឹងអំពីល្បិចនៃការញុះញង់អូសទាញរបស់ជនខិលខូច ជៀសវាងធ្លាក់ចូលអន្ទក់គ្រឿងញៀន ហើយយុវជនផ្ទាល់ត្រូវនិយាយថាទេចំពោះគ្រឿងញៀន កុំចង់ដឹង កុំចង់សាក និងកុំពាក់ព័ន្ធទាំងអស់។

ដោយឡែក ពាក់ព័ន្ធការងារចរាចរណ៍វិញ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏មិនភ្លេចណែនាំដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយបើកបរត្រូវប្រកាន់ស្ដាំ ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ហើយបើកបររថយន្ដត្រូវពាក់ខ្សែក្រវាត់ និងមិនត្រូវបើកបរហួសល្បឿនកំណត់។ សម្រាប់អាណាព្យាបាល ត្រូវចូលរួមជួយអប់រំកូនចៅរបស់ខ្លួនមុនចេញពីផ្ទះ ឬសាលារៀនត្រូវក្រើនរំលឹកជាប្រចាំឲ្យគោរពច្បាប់ចរាចរណ៍។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានជំរុញក៏ដូចជាដាក់ចេញនូវបទបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាការពារ ត្រូវរួមគ្នាបន្ដខិតខំអនុវត្ដនូវគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវ ត្ថិភាព របស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត សំដៅរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ លុបបំបាត់ក្មេងទំនើង និងទប់ស្កាត់បទល្មើសនានា។ មួយវិញទៀត នៅពេលដល់ម៉ោងសិស្សានុសិស្សចេញពីរៀន ត្រូវជួយសម្រួលចរាចរណ៍ឲ្យបានល្អនៅតាមសាលារៀន។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឲ្យបានគ្រប់ៗគ្នាផងដែរ ដើម្បីជ្រើសរើសមេដឹកនាំប្រទេសដែលអាចរក្សាបាននូវសុខសន្ដិភាព និងបន្ដការអភិវឌ្ឍ។ លើសពីនេះ ត្រូវរួមគ្នាថែរក្សាសុខសន្ដិភាព ដែលកម្ពុជាមាននៅពេលបច្ចុប្បន្ននេះ ដើម្បីបន្ដការអភិវឌ្ឍ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ​ ក៏បានប្រកាសឧបត្ថម្ភជូននូវអគារសិក្សាមួយខ្នង មាន៦បន្ទប់ ដល់សាលាបឋមសិក្សាថ្លាវ ដែលចំណាយថវិកាប្រមាណ១០ម៉ឺនដុល្លារ តាមរយៈលោក រស់ ណេង អាជីវករស្រុកស្វាយអន្ទរ។

 

ស្នងការគរបាលខេត្តសៀមរាប ចុះសំណេះសំណាល និងចែកសំលៀកបំពាក់ដល់ កម្លាំងប្រជាការពារទាំង១០ភូមិ ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប

ចំនួនអ្នកទស្សនា: Views

(សៀមរាប)៖ ឧត្តមសេនីយ៍ទោ តេង ចន្ទ័ណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះជួយសង្កាត់ទឹកវិល ក្រុងសៀមរាប នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងកម្មវិធីជួបជុំសំណេះសំណាល និងចែកសំលៀកបំពាក់ ជូនកម្លាំងប្រជាការពារទាំង១០ភូមិ ចំណុះសង្កាត់ទឹកវិល ដែលមានកម្លាំងប្រជាការពារចូលរួមសរុបចំនួន១២១នាក់។ ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានឧបត្ថមនូវថវិកាជូនកម្លាំងប្រជាការពារ ក្នុងមួយភូមិចំនួន ១២០០០០រៀល៕

សម្តេចចៅហ្វាវាំង គង់ សំអុល អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋជួបការលំបាក

ចំនួនអ្នកទស្សនា: Views
កំពង់ឆ្នាំង: ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅថ្ងៃពុធ ១១កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចចៅហ្វាវាំង វរវៀងជ័យ ធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ និង អ្នកមានជំងឺរ៉ាំរ៉ៃ ចំនួន ៣១២នាក់ នៅឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សម្ដេចចៅហ្វាវាំង គង់ សំអុល ដែលអមដំណើរដោយឯកឧត្ដម គុយ សុផល ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ព្រមទាំងមន្ត្រីរាជការជាច្រើននាក់ផងដែរនោះ បានពាំនាំនូវប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ់ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដែលមានជីវភាពក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ អ្នកមានជំងឺរ៉ាំរ៉ៃ និង ជួបគ្រោះមហន្តរាយ ជាដើម។

សម្តេចចៅហ្វាវាំង បានមានប្រសាសន៍បន្តថា អនុវត្តតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល នៃយុទ្ធសាស្រ្តចតុកោណ បានរៀបចំនូវគោលនយោបាយដ៏ច្បាស់លាស់មួយ ក្នុងការបង្កើនមុខរបបជូនប្រជាពលរដ្ឋឱ្យកាន់តែធូរធារ ។ ដើម្បីលើកកម្ពស់នូវសុខមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងបរិបទនៃជំងឺកូវីដ-១៩កន្លងមកនេះ សម្តេចតេជោបានស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ គឺសម្តេចបានគិតគូរ រៀបចំចាក់វ៉ាក់សាំងជូនឱ្យបានគ្រប់ៗគ្នាផងដែរ ។

សម្តេចចៅហ្វាវាំង គង់ សំអុល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមបោះឆ្នោត ជ្រើសរើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងការបំពេញ កាតព្វកិច្ច និងសិទ្ធិជាប្រជាពលរដ្ឋនៅក្នុងសង្គម ដើម្បីអាចចូលរួមបោះឆ្នោតបាន យើងត្រូវមានឯកសារពាក់ព័ន្ធ ដូចជា អត្តសញ្ញាប័ណ្ណប្រជាពលរដ្ឋ និង លិខិតបញ្ជាក់ពីអាជ្ញាធរ ដើម្បីអាចចូលរួមបោះឆ្នោតបាន ។

ក្នុងឱកាសនោះដែរ សម្តេចចៅហ្វាវាំង គង់ សំអុល បានចែកជូននូវវត្ថុអនុស្សាវរីយ៍ ដល់ប្រជាពលរដ្ឋ ដែលបានចូលរួមផងដែរ ៕

រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញបញ្ចុះបឋមសិលាសាងសង់ អគារជំងឺមិនឆ្លង នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ កម្ពស់៣ជាន់ ដែលមានតម្លៃជិត២លានដុល្លា

ចំនួនអ្នកទស្សនា: Views

(ពោធិ៍សាត់)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក Song Yonggun នាយកគម្រោងកូហ្វី (KOFIH) ប្រចាំប្រទេសកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារជំងឺមិនឆ្លង នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ កម្ពស់៣ជាន់ ដែលមានតម្លៃ១លាន៧៨ម៉ឺនដុល្លារ ក្រោមជំនួយឥតសំណង របស់មូលនិធិថែទាំសុខភាពអន្តរជាតិ (KOFIH) នៃសាធារណរដ្ឋកូរ៉េ។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ព្រមជាមួយនឹងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាល ជាវិស័យអាទិភាពមួយ ដែលសម្ដេចយកចិត្តទុកដាក់ខ្ពស់ ដើម្បីបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។ ជាក់ស្ដែងសមិទ្ធផលថ្មីអាគារជំងឺមិនឆ្លង នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ មួយខ្នង កម្ពស់៣ជាន់ មានទទឹង១៧,៥ម៉ែត្រ និងបណ្ដោយជាង៤០ម៉ែត្រ ដែលយើងទាំងអស់គ្នាកំពុងប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់នាពេលនេះ បានបង្ហាញពីសក្ខីភាព និងការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលយើង ពិសេសទឹកចិត្តមនុស្សធម៌របស់ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ តាមរយៈគម្រោងរបស់អង្គការ KOFIH។

លោកអភិបាលខេត្តបន្ថែមថា អគារខាងលើនេះ ពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ សម្រាប់ពុកម៉ែបងប្អូន ក្នុងការប្រើប្រាស់ ដើម្បីទទួលបានសេវាពិគ្រោះ ពិនិត្យ ថែទាំ និងព្យាបាលជំងឺ ជាពិសេសជំងឺមិនឆ្លង មានដូចជាជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម...ជាដើម និងការទទួលបានសេវាកម្មផ្នែកសុខភាពផ្សេងៗទៀត។

ថ្លែងក្នុងឱកាសនោះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានពាំនាំនូវការសួរសុខទុក្ខ និងនឹករលឹកដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ បុគ្គលិកសុខាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់។

លោករដ្ឋមន្ត្រីបានបន្ថែមថា សមិទ្ធផលដ៏ធំធេងនេះ កើតចេញពីការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពិសេសការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ១៩ ការរក្សាកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកតំបន់ និងអន្តរជាតិ តាមរយៈនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់។

លោកសាស្ត្រាចារ្យ ក៏បានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដែលកន្លងមក និងពេលបច្ចុប្បន្ន បានបម្រើបងប្អូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈល្អ ហើយក៏សូមឱ្យបន្តប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈនេះបន្ថែមទៀត ធានា និងគ្រប់គ្រងឱ្យបាននូវការផ្តល់សេវាថែទាំសុខភាពបែបវេជ្ជសាស្ត្រ ប្រកបដោយគុណភាព សុវត្ថិភាព សុច្ចរិតភាព គុណធម៌ សមធម៌ និងតម្លាភាព។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ តាមរយៈគម្រោងរបស់អង្គការ KOFIH ដែលបានផ្តល់ជំនួយទាំងថវិកា សម្ភារៈបរិក្ខាវេជ្ជសាស្រ្ត និងការបណ្តុះបណ្តាល ធនធានមនុស្សសុខាភិបាល រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតប្រព័ន្ឋសុខាភិបាលនៅកម្ពុជា៕

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៤០ «ការកាត់បន្ថយភាពក្រីក្រ »

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ: ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។

ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ៤០ « ការកាត់បន្ថយភាពក្រីក្រ »

ចាប់ពីចុងឆ្នាំ ពោលគឺនៅខែធ្នូ ឆ្នាំ១៩៩៨ បន្ទាប់ពីចុះចូលជាមួយរាជរដ្ឋាភិបាល ឬការធ្វើសមាហរណកម្មរបស់កងទ័ពខ្មែរក្រហមចុងក្រោយនៅតំបន់អន្លង់វែង ដែលគ្រប់គ្រងដោយ តាម៉ុក បានធ្វើឱ្យសង្រ្គាមដ៏រុំារ៉ៃ ជិត៣០ឆ្នាំនៅកម្ពុជា រវាងខ្មែរ និងខ្មែរ បញ្ចប់ជាស្ថាពរជាប្រវត្តិសាស្រ្ត ក្រោមយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ ដ៏ឈ្លាសវៃ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី១ ក៏ចាប់ផ្តើមឡើងដែរ ដើម្បីកសាងជាតិ និងកាត់បន្ថយភាព ក្រីក្រ។

ទោះបីការអភិវឌ្ឍនេះនៅឆ្ងាយពីក្តីរំពឹងទុក ឬមិនទាន់ទទួលយកបានដោយពេញចិត្ត១០០% ពីប្រជាពលរដ្ឋកម្ពុជា តែពីមួយថ្ងៃទៅមួយថ្ងៃ កម្ពុជាមានការរីកចម្រើន ហើយបើតាមទិន្នន័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងផែនការ បង្ហាញថាកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ។ ក្រៅពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច ចាប់ពីចុងឆ្នាំ១៩៩៨មក កម្ពុជាក៏បានសម្រេចក្នុងការចូលជាសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន និងចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោកជាដើម។ ក្នុងនោះក៏សម្រេចបាននូវសមិទ្ធផល ផ្នែកវប្បធម៌មួយ ចំនួនធំផងដែរ។

ក្រោយពីបញ្ចប់សង្រ្គាមឆ្នាំ១៩៧៩មក របបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានប្រយុទ្ធនឹងភាពអត់ឃ្លានដើម្បីស្តារប្រទេសឡើងវិញ រហូតដល់ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ភាពក្រីក្ររបស់ប្រជាជនកម្ពុជា ហាក់នៅតែមានចំនួនខ្ពស់នៅឡើយ។ តាមតួលេខបឋមបង្ហាញថា អត្រា នៃភាពក្រីក្រនៅកម្ពុជា ឆ្នាំ១៩៩៤ មានប្រជាពលរដ្ឋប្រមាណ៤៧% ឬចំនួនលើសពីនេះ រស់នៅក្រោមបន្ទាត់ភាពក្រីក្រ ហើយជិត២០ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំ២០១៤ មានប្រជាពលរដ្ឋបន្ថែមប្រមាណជាង២០%ទៀត ដែលនៅបន្តរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ។ ទិនន្នន័យនេះ ហាក់ខុសគ្នាបន្តិចពី របាយការណ៍របស់ធនាគារពិភពលោក(World Bank) ដែលចេញផ្សាយនៅដើមខែកុម្ភៈ ឆ្នាំ២០១៤ថាអត្រាភាពក្រីក្រនៅកម្ពុជា រយៈពេល៧ឆ្នាំ គិតចាប់ពីឆ្នាំ២០០៤ មកបានធ្លាក់ចុះជាងពាក់កណ្តាល ដែលនាំឱ្យកម្ពុជា ក្លាយជាប្រទេសកាត់បន្ថយភាពក្រីក្រល្អជាងគេមួយក្នុងចំណោមប្រទេសដទៃទៀត។ តាមរយៈរបាយការណ៍វាយតម្លៃភាពក្រីក្រនៅកម្ពុជា ប្រចាំឆ្នាំ២០១៣ បានដាក់បង្ហាញក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍រួម រវាងរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ បង្ហាញថាអត្រាភាពក្រីក្រនៅកម្ពុជា ធ្លាក់ចុះយ៉ាងគំហុកពី៥៣,២% នៅឆ្នាំ២០០៤ មកត្រឹម២០,៥% នៅឆ្នាំ២០១១ ដែលជាហេតុ ធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងនាមជាប្រទេសដែលកាត់បន្ថយភាពក្រីក្រល្អជាងគេក្នុងពិភពលោក។ ក្នុងន័យនេះ ប្រជាពលរដ្ឋក្រីក្រចំនួន៧លាននាក់ក្នុងឆ្នាំ២០០៤ កាត់បន្ថយមក ត្រឹម៣លាននាក់ក្នុងឆ្នាំ២០១១។

អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជរដ្ឋាភិបាលកម្ពុជា លោក គាត ឈន់ មានប្រសាសន៍ថា នេះជាជោគជ័យមួយសម្រាប់កម្ពុជាដែលស្របតាមយុទ្ធសាស្ត្រ អភិវឌ្ឍន៍សហស្សវត្សរ៍ ក្នុងការកាត់បន្ថយភាពក្រីក្រដែលកំណត់យ៉ាងហោចណាស់១% ក្នុង១ឆ្នាំ។ របាយការណ៍ដដែលនេះឱ្យដឹងដែរថា កត្តា៤ដែលជំរុញឱ្យប្រជាពលរដ្ឋចាកផុតពីភាពក្រីក្រ ក្នុងនោះមាន ការបង្កើនតម្លៃស្រូវ, កំណើនអត្រាថ្លៃឈ្នួលពលកម្មនៅតាមទីជនបទ, ការកើនឡើងនូវការងារដែលមានប្រាក់បៀវត្សរ៍នៅតាមទីប្រជុំជន និងកំណើនប្រាក់ចំណូលពីការប្រកបរបរជំនួញតូចតាច។

របាយការណ៍មួយផ្សេងទៀត ដែលចេញផ្សាយនៅខែកុម្ភៈ ឆ្នាំ២០១៥ មន្រ្តីរាជរដ្ឋាភិបាល បង្ហាញថា បានកាត់បន្ថយភាពក្រីក្របានមុនផែនការ។ លោក ថេង បញ្ញាធន អគ្គនាយក នៃក្រសួងផែនការ និងជាអ្នកដែលទទួលបន្ទុកខាងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍បញ្ជាក់ថាសម្រាប់គោលដៅទី១ គឺអត្រានៃការកាត់បន្ថយភាពក្រីក្រកម្ពុជា សម្រេចបានមុនឆ្នាំ២០១៥ ដោយសារឆ្នាំ២០១២ កម្ពុជាសម្រេចបាន១៨,៩% ហើយចំណុចដៅគឺ១៩,៥នៅឆ្នាំ២០១៥‍។ នេះជាគោលដៅទី១ នៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ដែលមានចំនួន៩គោលដៅ ខណៈប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសសមាជិកដទៃទៀត នៃអង្គការសហប្រជាជាតិ នឹងត្រូវរាយការណ៍ពី សមិទ្ធផលក្នុងការខិតខំប្រឹងប្រែងឱ្យសម្រេចតាមការសន្យាកាលពីឆ្នាំ២០០០ ថានឹងសម្រេចឱ្យបាននៅឆ្នាំ២០១៥។

ក្រោមកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អត្រានៃភាពក្រីក្រនៅកម្ពុជា នៅតែបន្តធ្លាក់ចុះជាលំដាប់ រហូតឆ្នាំ២០១៨ និង២០១៩ ក៏បន្តធ្លាក់ចុះ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងពិភាក្សាអំពីសេចក្តីព្រាងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ បានឱ្យដឹងថា កម្ពុជាសម្រេចជោគជ័យនូវសូចនាករសំខាន់ៗមួយចំនួនមុនពេលកំណត់ ក្នុងនោះអត្រាភាពក្រីក្រកាត់បន្ថយពី២១,១% ក្នុងឆ្នាំ២០១០ មកនៅត្រឹម១៣,៥% នៅឆ្នាំ២០១៤។ កម្រិតនៃការធ្លាក់ចុះនេះ សម្រេចបានលឿនជាងចំណុចដៅរបស់គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ដែលកំណត់នៅត្រឹម១៩,៥% ឆ្នាំ២០១៥ និង១៣,៨% ក្នុងឆ្នាំ២០១៨ ។ ការធ្លាក់ចុះអត្រានៃភាពក្រីក្រ ស្របគ្នានឹងការវាយតម្លៃរបស់ធនាគារពិភពលោកដែលប្រកាសកាលពីឆ្នាំ២០១៥ ដែរថា កម្ពុជាបានចាកផុតពីភាពក្រីក្រតោកយ៉ាក (Extrem Poverty) និងចាត់ជាប្រទេសដែលមានវឌ្ឍនភាពល្អជាងគេក្នុងតំបន់ ក្នុងការងារកាត់បន្ថយភាពក្រីក្ររបស់ខ្លួន។ លើសពីនេះ ភាពងាយរងគ្រោះបណ្តាលមកពីការអត់ឃ្លានធ្ងន់ធ្ងរ ក៏បានលុបបំបាត់ចោល ទាំងស្រុង។

ធនាគារអភិវឌ្ឍន៍អាស៊ី ក៏អះអាងអំពីការធ្លាក់ចុះនៃភាពក្រីក្ររបស់កម្ពុជានេះដែរ។ ជាក់ស្ដែងក្នុងសិក្ខាសាលាស្តីពីការវាយតម្លៃយុទ្ធសាស្ត្រ ភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០១៤-២០១៨ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ លោក Samiuela Tukuafu ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា លើកឡើងថា ចំនួនប្រជាជនកម្ពុជា ដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ដែលមានរហូតទៅដល់លើសពីពាក់កណ្តាល នៅក្នុងឆ្នាំ១៩៩២ បានធ្លាក់ចុះមកក្រោម១៤% នៅក្នុងឆ្នាំ២០១៤ ធ្វើឱ្យកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ ជាប្រទេសជោគជ័យបំផុត និងឈានមុខគេលើពិភពលោក ក្នុងការកាត់បន្ថយអត្រានៃភាពក្រីក្រ។ លោក Samiuela Tukuafu ថ្លែងថា ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាង៧% រយៈពេល២០ឆ្នាំចុងក្រោយនេះ ធ្វើឱ្យប្រទេសកម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេសឯតទគ្គករ កំណើនសេដ្ឋកិច្ចទាំង៦ នៅក្នុងពិភពលោក។

លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងនៅក្នុងសិក្ខាសាលាមួយថា ជារួមនៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានឆ្លើយតបជាសារវ័ន្តទៅនឹងឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន កម្ពុជា ពិសេស រាជរដ្ឋាភិបាលសម្រេចបានជាអតិបរមា នូវអាទិភាពគោលនយោបាយទាំងឡាយ ដែលដាក់ចេញនៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ក៏ដូចជាបង្កើតបាននូវមូលដ្ឋានសម្រាប់ទ្រទ្រង់ នូវដំណើរការវិវឌ្ឍឈានឡើងរបស់កម្ពុជា តទៅមុខទៀត។ រាជរដ្ឋាភិបាលធានា និងរក្សានូវសន្តិភាព សន្តិសុខ អធិបតេយ្យភាព ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច ជាពិសេស ការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ក្នុងទិដ្ឋភាពខាងសេដ្ឋកិច្ច ការសម្រេចនូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ក្នុងបរិការណ៍អត្រាអតិផរណាទាប និងអត្រាប្តូរប្រាក់មានស្ថិរភាព ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ គឺជាកំណើនមួយដ៏ខ្ពស់។ កំណើននេះ ជួយបង្កើតឱកាសការងារកាន់តែច្រើន និងឱកាស រកប្រាក់ចំណូលកាន់តែសមរម្យជូនប្រជាជន ដោយក្នុងនោះ កំណើននៃប្រាក់ចំណូលរបស់ប្រជាជនកើនឡើង លឿនជាងកំណើននៃសេដ្ឋកិច្ច កំណើននៃ ផ.ស.ស តាមថ្លៃបច្ចុប្បន្ន។ ជាក់ស្តែង ក្នុងរយៈពេល៥ឆ្នាំនេះ ប្រាក់បៀវត្សរ៍អប្បបរមារបស់មន្ត្រីរាជការកើនឡើងបីដង ហើយប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតក៏កើនឡើងជាងពីរដងដែរ។ ក្រៅពីបង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជន រាជរដ្ឋាភិបាលក៏បានបន្ធូរបន្ថយពន្ធ និងអនុគ្រោះពន្ធមួយចំនួនទៀត ពិសេសចំពោះអ្នកមានចំណូលទាប និងអ្នកប្រកបអាជីវកម្មតូចតាច ដើម្បីកាត់បន្ថយបន្ទុកចំណាយ និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។ លើសពីនេះទៀត រាជរដ្ឋាភិបាលក៏លុបចោលមិនយកកម្រៃពីសេវាសាធារណៈចាំបាច់មួយចំនួនថែមទៀត។ ដូច្នេះជារួម ក្នុងរយៈពេល៥ឆ្នាំចុងក្រោយមកនេះ រាជរដ្ឋាភិបាល បានបែងចែកផ្លែផ្កានៃកំណើន សេដ្ឋកិច្ចដែលបានសម្រេច ប្រកបដោយសមធម៌ និងទៅដល់ដៃប្រជាជនយ៉ាងពិតប្រាកដ ជាពិសេស អ្នកមានចំណូលទាប និងក្រុមជនងាយរងគ្រោះ។

បន្ថែមពីលើនេះ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុន្នីរ័ត្ន អះអាងថា រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជារក្សាស្ថានភាពម៉ាក្រូ សេដ្ឋកិច្ចបានល្អប្រសើរ និងសម្រេចបាននូវកំណើនប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់៧.៧%។ ដោយសារកំណើននេះ ធ្វើឱ្យកម្ពុជាសម្រេចគោលដៅនៃការកាត់បន្ថយភាពក្រីក្រ ដែលក្នុងនោះអត្រាភាពក្រីក្ររបស់ កម្ពុជាធ្លាក់ចុះជាងពាក់កណ្តាល ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ គឺធ្លាក់ចុះពី៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹម២០,៥% នៅឆ្នាំ២០១១។ នេះបើយោងតាមរបាយការណ៍វាយតម្លៃភាពក្រីក្រថ្មីរបស់ធានាគារពិភពលោក ដែលផ្សព្វផ្សាយនៅថ្ងៃ ទី២០កុម្ភៈ ឆ្នាំ២០១១ ធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៤ ជាប្រទេសដែលកាត់បន្ថយភាពក្រីក្រល្អជាងគេក្នុងពិភពលោក។ របាយការណ៍ ពីធនាគារអភិវឌ្ឍន៍អាស៊ី បង្ហាញថា អត្រានៃភាពក្រីក្រចុងក្រោយរបស់កម្ពុជាមានប្រជាជនប្រមាណ១៤%ប៉ុណ្ណោះ កំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ខណៈដែលកាលពី២០ឆ្នាំមុនអត្រានៃភាពក្រីក្រមានជាង៥០% នៃចំនួនប្រជាជនសរុប។ មន្ត្រីវាយតម្លៃជាន់ខ្ពស់ នៃធនាគារពិភពលោក (World Bank) ក៏បានវាយតម្លៃដែរថា គិតចាប់ពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០១៦ អត្រានៃភាពក្រីក្រនៅកម្ពុជាធ្លាក់ចុះពី៤០% មកត្រឹម១៣% នៃប្រជាជនសរុប ដែលបង្ហាញពីផលវិជ្ជមាននៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងសន្និបាតប្រចាំឆ្នាំ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) ក្រោមប្រធានបទ ការផ្តល់សិទ្ធិអំណាចប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាពរយៈពេល៥ថ្ងៃ ពីថ្ងៃទី២៧ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅក្រុងបាងកក ប្រទេសថៃ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា អត្រាភាពក្រីក្រនៅកម្ពុជា បន្តធ្លាក់ចុះជាលំដាប់ពី៥៣% មកត្រឹម១០% នាពេលបច្ចុប្បន្ន។ សម្តេចបញ្ជាក់ថា អត្រាភាពក្រីក្រនៅកម្ពុជា បន្តធ្លាក់ចុះជាលំដាប់ពី៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹម១៣.៥% ក្នុងឆ្នាំ២០១៤ ហើយប៉ាន់ស្មានថា ស្ថិតនៅក្នុងរង្វង់១០% នៅឆ្នាំ២០១៩។ នៅចំពោះមុខអង្គសន្និបាតសម្តេចតេជោមានប្រសាសន៍បន្តថា សន្តិភាព គឺជាបុរេលក្ខខណ្ឌដ៏ចម្បង និងសំខាន់បំផុតដើម្បីកសាងខឿនសេដ្ឋកិច្ច ហើយការអភិវឌ្ឍសង្គមជាតិឈរលើមូលដ្ឋាននេះកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ជាមធ្យមក្នុងរង្វង់៧,៧%ក្នុងមួយឆ្នាំ ហើយក្នុងរយៈពេលជាង២ទសវត្សចុងក្រោយនេះ កម្ពុជាបានប្រែក្លាយខ្លួន ជាប្រទេសមួយ ក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក ព្រមទាំងបានឆ្លងកាត់ពីឋានៈប្រទេសចំណូលទាប មកជាប្រទេសចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ២០១៥។ ដូច្នេះ ជាមួយនឹងសមិទ្ធផលដ៏ធំធេងនេះ កម្ពុជា មានមហិច្ឆតាក្នុងការក្តាប់យកមកវិញនូវមោទកភាពជាតិ តាមរយៈការប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕ ដោយ៖ គង់ សិរីរ័ត្ន, សម្រួលផ្សាយ៖ dara